(វ៉ាស៊ីនតោន)៖ ខណៈពេលដែលសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកនិងចិនកាន់តែក្តៅគគុក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ជាលើកដំបូងនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

ជំនួបនេះនឹងក្លាយជាឱកាសសម្រាប់សម្ព័ន្ធមិត្តទាំងពីរ ពិភាក្សាពីផលប៉ះពាល់នៃចំណាត់ការរបស់រដ្ឋបាលត្រាំ លើទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់និងពិភពលោក។ ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានដំឡើងពន្ធ ១០% លើទំនិញនាំចូលទាំងអស់ពីចិន ដោយចាត់ទុកថាជា «ការបើឆាក» នៃជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ ទង្វើនេះបានធ្វើឱ្យទីផ្សារជួបនឹងភាពចលាចល។

ជប៉ុន ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម និងមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយចិន កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។ ទោះបីជាទីក្រុង តូក្យូ យល់ស្របនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញមហិច្ឆតារបស់ចិនក្នុងតំបន់ ក៏ដោយ ក៏មន្ត្រីជប៉ុននៅតែប្រុងប្រយ័ត្នចំពោះលទ្ធភាព ដែលទីក្រុងប៉េកាំងអាចនឹងស្វែងរក កិច្ចព្រមព្រៀងដាច់ដោយឡែក ជាមួយរដ្ឋបាលត្រាំ។

ប្រភពព័ត៌មានពីមន្ត្រីជប៉ុនបានឱ្យដឹងថា ពួកគេមានផាសុកភាពក្នុងការធ្វើការជាមួយមន្ត្រីសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ ដូចជារដ្ឋមន្ត្រីការបរទេស Marco Rubio និង មន្ត្រីសន្តិសុខជាតិ Michael Waltz ប៉ុន្តែមិនសូវទុកចិត្តលើបុគ្គលក្នុងរដ្ឋបាលត្រាំ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយចិន ដូចជាលោក Elon Musk ជាដើម។

ក្រោយជំនួបរវាងមេដឹកនាំទាំងពីរ ត្រូវគេរំពឹងថានឹងមានសន្និសីទសារព័ត៌មានរួមមួយ៕