(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio នឹងធ្វើដំណើរ ទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប់មួយចំនួន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥។
ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់មជ្ឈិមបូព៌ារបស់លោក Rubio ក្នុងនាមជារដ្ឋមន្ត្រីការបរទេសនេះ កើតឡើងបន្ទាប់ពីសំណើដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលជំរុញឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា។
ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Rubio នឹងរួមបញ្ចូលទាំងការចូលរួមក្នុងសន្និសីទសន្តិសុខទីក្រុង Munich បន្ថែមពីលើការធ្វើទស្សនកិច្ច នៅប្រទេសអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត។
លោក Rubio នឹងពិភាក្សាពីបញ្ហាហ្គាហ្សា និងផលវិបាកនៃការវាយប្រហារថ្ងៃទី ៧ តុលា របស់ហាម៉ាស់ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក នេះបើតាមមន្ត្រីសហរដ្ឋអាមេរិក។ លោកក៏នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល ក្នុងការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។ មន្ត្រីដដែលបានថ្លែងថា «ស្ថានភាពបច្ចុប្បន្នមិនអាចបន្តបានទេ...ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងលោក Marco Rubio ជឿថា... អ្វីៗអាចផ្លាស់ប្តូរ»។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២៥ ខែមករាមក លោក ដូណាល់ ត្រាំ បានបន្តលើកឡើងពីលទ្ធភាពដែលថា ប្រទេសអារ៉ាប់ក្នុងតំបន់ដូចជាអេហ្ស៊ីបនិងហ្ស៊កដានី គួរតែទទួលយក ប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។ សំណើនេះ ត្រូវបានរដ្ឋអារ៉ាប់និងប្រជាជន ប៉ាឡេស្ទីនច្រានចោលដាច់អហង្ការ និងបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីលទ្ធភាពនៃការត្រូវបណ្តេញចេញពីទឹកដីកំណើតជាអចិន្ត្រៃយ៍៕