(រ៉ង់ហ្គូន)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសវៀតណាម និងឆ្លៀតឱកាសចូលរួមកិច្ចប្រជុំអន្តរជាតិជាច្រើនទៀតផងដែរ នៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាការបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក U Htin Kyaw បន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ា កាលពីខែមេសាកន្លងទៅនេះ ហើយលោក U Htin Kyaw នឹងធ្វើដំណើរទៅទីនោះ ជាមួយនិងភរិយាគឺលោកស្រី Daw Su Su Lwin ក្រោមការអញ្ចើញពីប្រធានាធិបតីវៀតណាម លោក Tran Dai Quang។
ជាមួយគ្នានេះដែរលោកប្រធានាធិបតីមីយ៉ាន់ម៉ា នឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៨, កិច្ចប្រជុំស្តីពីយុទ្ធសាស្រ្តនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMECS លើកទី៧, និងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី តំបន់ទន្លេមេគង្គដែលនឹងប្រពឹត្តទៅនៅក្នុងទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។
គួរបញ្ជាក់ដែរថា ប្រទេសវៀតណាមបានឈរនៅលេខរៀងទី១០ នៃអ្នកវិនិយោគធំៗរបស់មីយ៉ាន់ម៉ា ដែលសុរបមកវៀតណាមបានដាក់ទុនវិនិយោគនៅក្នុងប្រទេសនេះ ៦៨៣.២៦២លានដុល្លារអាមេរិក គិតចាប់តាំងពីចុងឆ្នាំ១៩៨៨ ដល់ខែកញ្ញា ឆ្នាំ២០១៦នេះ ហើយមួយវិញទៀតការធ្វើពាណិជ្ជកម្ម ទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ទៅ ៣៤៦,៨៥៨លានដុល្លារ ថែមទៀតផង៕