(ប៉េកាំង)៖ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ចំណងមិត្តភាពចិន-ថៃ ត្រូវបានបន្តវេនអស់រយៈពេលពាន់ឆ្នាំមកហើយ។ ឆ្នាំនេះ គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងថៃ និង ជា"៥០ ឆ្នាំមាសនៃមិត្តភាពចិន-ថៃ" ភាគីទាំងពីរគួរតែបន្តវេន និងត្រួសត្រាយអនាគត ចាប់ដៃដើរទៅមុខជាមួយគ្នា ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងថៃឱ្យកាន់តែស៊ីជម្រៅនិងប្រាកដប្រជា ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់តំបន់និងពិភពលោកផងដែរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនកោតសរសើរចំពោះប្រទេសថៃ ដែលបានចាត់វិធានការដ៏មានប្រសិទ្ធភាព ដើម្បីបង្កា្របល្បែងស៊ីសងតាមអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ភាគីទាំងពីរគួរតែបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ផ្នែកការអនុវត្តច្បាប់ សន្តិសុខនិងប្រព័ន្ធតុលាការ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាជន និងរក្សាសណ្តាប់ធ្នាប់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងតំបន់។

ជាការឆ្លើយតប លោកស្រី Paetongtarn បានថ្លែងថា ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ ហើយរំពឹងថាធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរជាន់ខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត ។ ប្រទេសថៃមានឆន្ទៈក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកការអនុវត្តច្បាប់ ជាមួយប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីបង្រ្កាប បទល្មើសឆ្លងដែន ដូចជាល្បែងស៊ីសងតាមអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន