Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីសុខាភិបាលមួយចំនួន របស់ឥណ្ឌូណេស៉ី ក្រោមជំនួយពី USAID ត្រូវបានផ្អាក (Video inside)

07-02-2025 15:40

(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភាពជាដៃគូផ្នែកសុខភាព របស់ឥណ្ឌូណេស៉ី ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានផ្អាក ហើយមិនទាន់ប្រាកដទេថា ជាត្រូវផ្អាកជាអចិន្ត្រៃយ៍ ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

រដ្ឋមន្រ្តីសុខាភិបាល លោក Budi Gunadi Sadikin បញ្ជាក់ថា «គម្រោងត្រូវបានផ្អាក។ យើងមិនដឹងទេថា វានឹងត្រូវលុបចោល ឬស្ថិតក្រោមការវាយតម្លៃនៅឡើយ។ ប្រហែលជា ៩០ថ្ងៃខាងមុខទៀត ទើបអាចដឹងច្បាស់»។ តាមការប្រកាសរបស់ស្ថានទូតអាមេរិក ប្រចាំទីក្រុងហ្សាការតា កាលពីខែវិច្ឆិកា ឆ្នាំមុន USAID បានបណ្តាក់ទុនចំនួន ៨០០លានដុល្លារនៅឥណ្ឌូណេស៉ី ចាប់តាំងពីឆ្នាំ ២០២០។

គម្រោង​របស់​ USAID ក្នុងប្រទេស​អាស៊ានមួយនេះ ធ្វើការពាក់ព័ន្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺរបេង។ ឥណ្ឌូណេស៉ី ក៏ទទួលបានថ្នាំពីមូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ ផងដែរ ដែលអាចរាប់បញ្ចូលបានថា ទីក្រុងវ៉ាស៉ីនតោនជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ខ្លួន។ ស្ថានទូតអាមេរិក នៅទីក្រុងហ្សាការតា និង USAID មិនទានឆ្លើយតប ចំពោះសំណើសុំអត្ថាធិប្បាយនៅឡើយទេ។

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាដាក់បញ្ចូល USAID ឱ្យស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងការបរទេស ដែលនឹងកាត់បន្ថយបុគ្គលិក និងការចំណាយ ស្របតាមគោលនយោបាយ «America First»។ តាមលោកស្រី Olivia Herlinda អ្នកវិភាគផ្នែកសុខភាព នៅអង្គការមិនរកប្រាក់ចំណេញ Center for Indonesia's Strategic Development Initiatives ការផ្អាកជំនួយនេះ នឹងមានផលប៉ះពាល់ខ្លាំង ចំពោះឥណ្ឌូណេស៉ី៕