(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio នឹងធ្វើដំណើរទស្សនកិច្ចកាន់អ៉ីស្រាអែល និងក្រុមប្រទេសអារ៉ាប់ អំឡុងពាក់កណ្តាលខែកុម្ភៈនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីផែនការដ៏ចម្រូងចម្រាស ដែលចង់ជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីហ្កាហ្សា ហើយឱ្យអាមេរិក គ្រប់គ្រងតំបន់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Rubio នឹងធ្វើដំណើរទៅចូលរួមសន្និសីទសន្តិសុខទីក្រុង Munich នៅប្រទេសអាល្លឺម៉ង់ ហើយបន្តទៅកាន់ប្រទេសអ៉ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១៣ ដល់ទី១៨ ខែកុម្ភៈ។ មន្រ្តីក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយថា លោក Rubio នឹងពិភាក្សាអំពីបញ្ហាហ្កាហ្សា អំឡុងទស្សនកិច្ចនៅអ៉ីស្រាអែល ហើយនឹងព្យាយាមជំរុញយុទ្ធសាស្រ្តរបស់លោក ត្រាំ ដែល​មានគោលដៅចង់បង្អាក់ស្ថានភាពដើម នៅក្នុងតំបន់មជ្ឈិមបូព៌ា។

មន្រ្តីខាងលើ បាននិយាយដូច្នេះថា «ការរក្សាស្ថានភាពដើម មិនអាចនៅបន្តទៀតឡើយ ព្រោះវាប្រៀបដូចជាការធ្វើរឿងដដែលៗ ដោយគ្មានលទ្ធផលអ្វីសោះ។ វាកំពុងក្លាយជារឿងទូទៅមួយ និងធ្វើឱ្យអ្នកចាប់ផ្តើមយល់ថា នេះហើយគឺជាជីវិត... ជាអ្វីដែលយើង​ត្រូវតែរំពឹង។ លោកប្រធានាធិបតី ត្រាំ និងលោក Marco Rubio ជឿថា វាមិនមែនបែបនោះឡើយ គឺអ្វីៗអាចផ្លាស់ប្តូរទៅបាន»

ក្រុមសិទ្ធមនុស្សបានថ្កោលទោស ការលើកឡើងរបស់លោក ត្រាំ ដែលចង់ឱ្យប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាចាកចេញ ជាអចិន្រ្តៃយ៍តែម្តង ហើយអាមេរិក ក្លាយជាអ្នកគ្រប់គ្រងដែនដីនេះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Rubio បាននិយាយថា ប្រជាជនប៉ាឡេស្ទីន នៅហ្កាហ្សា គឺនឹងត្រូវផ្លាស់ទីជាបណ្តោះអាសន្នប៉ុណ្ណោះ ស្របពេលដែលតំបន់នេះ ត្រូវស្ថាបនាឡើងវិញ ក្រោយសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានបង្កការបំផ្លិចបំផ្លាញយ៉ាងហិនហោច។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៥ ខែមករា មក លោក ត្រាំ ធ្លាប់លើកឡើងម្តងហើយម្តងទៀតថា ប្រជាជនប៉ាឡេស្ទីនៅហ្កាហ្សា គួរតែត្រូវទទួលឱ្យជ្រកកោន ដោយក្រុមប្រទេសអារ៉ាប់នៅក្នុងតំបន់ ដូចជាអេហ្ស៉ីបនិងហ៊្សកដានី ជាដើម ខណៈវាគឺជាគំនិតមួយ ដែលត្រូវបានបដិសេធដោយបណ្តារដ្ឋអារ៉ាប់ និងប៉ាឡេស្ទីនផ្ទាល់។ ការអត្ថាធិប្បាយរបស់លោក ត្រាំ បានរំលេចឡើងវិញ នូវភាពភ័យខ្លាចរបស់ជនជាតិប៉ាឡេស្ទីន ក្នុងការត្រូវគេបណ្តេញចេញពីទឹកដីកំណើតរបស់ខ្លួន ជារៀងរហូត៕