(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ រុស្ស៉ីបានបង្ហាញការស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកថ្មី ក្នុងការប៉ុនប៉ងបិទទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID ដោយបានហៅទីភ្នាក់ងារនេះថាជា ម៉ាស៉ីនសម្រាប់ជ្រៀតជែកលូកលាន់ ក្នុងកិច្ចការពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺកំពូលមហាសេដ្ឋី Elon Musk បានប្រកាសថា ទីភ្នាក់ងារ USAID នឹងត្រូវបិទទ្វារ ក្នុងនាមជាស្ថាប័នឯករាជ្យ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ក្នុងការបង្រួមរដ្ឋាភិបាលសហព័ន្ធ របស់អាមេរិក។ កាលពីថ្ងៃអង្គារ USAID បាននិយាយថា បុគ្គលិករបស់ខ្លួនទាំងនៅអាមេរិកផ្ទាល់ និងនៅជុំវិញពិភពលោក ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ខណៈក្រសួងការបរទេសអាមេរិក ក្លាយជាអ្នកចាត់ចែងការងាររបស់ USAID ជំនួសវិញ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ​Maria Zakharova បានចោទថា USAID មិនមែនជាទីភ្នាក់ងារផ្តល់ជំនួយ និង​គាំទ្រការអភិវឌ្ឍឡើយ ដោយវាគឺជាម៉ាស៉ីនសម្រាប់ឱ្យអាមេរិក ធ្វើការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ... ជាឧបករណ៍សម្រាប់ការផ្លាស់ប្តូររបបដឹកនាំ សណ្តាប់ធ្នាប់នយោបាយ និងរចនាសម្ព័ន្ធរដ្ឋ។

គួរបញ្ជាក់ថា ដោយដើរតួនាទីជា ផ្នែកផ្តល់ជំនួយនៃគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក USAID បានផ្តល់មូលនិធិទ្រទ្រង់ កម្មវិធីសុខាភិបាលនិងចាំបាច់បន្ទាន់ផ្សេងៗ ព្រមទាំងកិច្ចផ្តួចផ្តើមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅតាមបណ្តាប្រទេសហែល១២០ ក្នុងនោះរួមទាំងនៅតំបន់ដែលក្រីក្របំផុត របស់ពិភពលោក។ ទីភ្នាក់ងារនេះ ត្រូវបានមើលឃើញថា ជាប្រភពដ៏សំខាន់នៃការកសាងអំណាចទន់ ឬ soft power សម្រាប់សហរដ្ឋអាមេរិក ក្នុងកិច្ចប្រឹងប្រែង​ប្រកួតប្រជែងឥទ្ធិពល ជាមួយគូប្រជែងនៅលើពិភពលោក ដូចជាចិន ជាដើម៕