(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ប្រទេសនានា ដែលនាំគ្នារិះគន់និងថ្កោលទោស ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីអំពីតំបន់ហ្កាហ្សា គួរតែចេញមុខមកចូលរួមជួយ ដែនដីប៉ាឡេស្ទីន ដែលបានរងការបំផ្លិចបំផ្លាញហិនហោច មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បណ្តាប្រទេសអារ៉ាប់ និងថ្នាក់ដឹកនាំប៉ាឡេស្ទីន ព្រមទាំងប្រទេសជាច្រើនផ្សេងទៀត បាននាំគ្នាសម្តែងគោលជំហរប្រឆាំងជាខ្លាំង ចំពោះគំនិត​របស់លោក ត្រាំ ដែលចង់ដែលប្រជាជាតិប៉ាឡេស្ទីនប្រមាណ២លាននាក់ នៅហ្កាហ្សា ផ្លាស់ទីចាកចេញ ក្រោយសង្រ្គាម​របស់អ៉ីស្រាអែល ដែលមានរយៈពេល១៥ខែ បានបង្កភាពវិនាសហិនហោចនៅទីនោះ។

ជាថ្មីម្តងទៀត លោក Rubio បានអះអាងថា ចេតនារបស់លោក ត្រាំ គឺចង់ជួយស្ថាបនាហ្កាហ្សាឡើងវិញ ព្រោះតែឥឡូវតំបន់នេះ គឺជាកន្លែងមិនសមឱ្យមនុស្សរស់នៅឡើយ។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយថា ការអត្ថាធិប្បាយដដែលបង្កភាពចម្រូងចម្រាស របស់លោក ត្រាំ មានគោលដៅមួយផ្នែក គឺចង់ជំរុញឱ្យប្រទេសដទៃទៀត ដែលមានសមត្ថភាពទាំងសេដ្ឋកិច្ចនិង​បច្ចេកទេស ចូលរួមជួយក្នុងកិច្ចប្រឹងប្រែងនេះ ផងដែរ។

លោករដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បានស្នើចូលរួមជួយ ដើម្បីក្លាយជាផ្នែកមួយ នៃដំណោះស្រាយ។ ប្រសិនបើប្រទេសមួយចំនួនផ្សេងទៀត មានឆន្ទៈចេញមុខជួយដោយផ្ទាល់នោះ គឺកាន់តែប្រសើរបំផុត ប៉ុន្តែហាក់គ្មាននរណា ស្ទុះស្ទាធ្វើបែបនោះឡើយ។ មានប្រទេសជាច្រើននៅក្នុងតំបន់ ដែលបានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងអំពី​ប្រជាជនប៉ាឡេស្ទីន ដូច្នេះហើយយើងលើកទឹកចិត្តឱ្យពួកគេ ចេញមុខមកចូលរួមជួយស្វែងរកដំណោះស្រាយ និងចម្លើយ សម្រាប់បញ្ហារបស់ជនជាតិប៉ាឡេស្ទីន»