អ៉ីស្រាអែល ថាគ្មានគម្រោងចាកចេញពីស្ថាប័នដទៃទៀតរបស់ UN ឡើយ ក្រៅពីក្រុមប្រឹក្សាសិទ្ធិមនុស្ស (Video inside)
07-02-2025 13:37
(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ អ៉ីស្រាអែល បាននិយាយថា ខ្លួនមិនមានផែនការដកខ្លួនចេញពី ស្ថាប័នដទៃទៀតរបស់ អង្គការសហប្រជាជាតិ (UN) ឡើយ ក្រៅតែពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលខ្លួនចោទថា មានភាពលំអៀង និងប្រកាន់ជំហរប្រឆាំងជនជាតិជ្វីហ្វ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Gideon Saar បានប្រកាសថា ប្រទេសរបស់លោក នឹងផ្អាកការចូលរួម ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UNHRC ជាមួយការចោទប្រកាន់ថា ស្ថាប័នសិទ្ធិមនុស្សកំពូលរបស់ UN មួយនេះ ផ្តោតលើការវាយប្រហារចំពោះប្រទេសមួយ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ហើយសាបព្រោះគំនិតប្រឆាំងជនជាតិជ្វីហ្វ ជាជាងផ្តោតទៅលើកិច្ចប្រឹងប្រែងលើកកម្ពស់សិទ្ធិមនុស្ស។
ការប្រកាសរបស់អ៉ីស្រាអែល កើតមានឡើង មួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយ ដែលនិយាយថា ទីក្រុងវ៉ាស៉ីនតោន ដែលកំពុងស្ថិតក្នុងដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) រួចស្រេចនោះ នឹងចាកចេញពីស្ថាប័នជាច្រើនផ្សេងទៀត របស់ UN រួមមានទាំង UNHRC។
យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំ UN នៅទីក្រុងហ្សឺណែវ បានអះអាងថា សេចក្តីប្រកាសទាំងពីរ ធ្វើឡើងដោយមិនមានការសម្របសម្រួលគ្នាជាមុនឡើយ ហើយប្រទេសអ៉ីស្រាអែល នាពេលនេះ មិនកំពុងពិចារណាផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងស្ថាប័នដទៃទៀត របស់ UN នោះឡើយ ក្រៅតែពី UNHRC៕