(ប៉ារីស)៖ រដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastien Lecornu កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ បានប្រកាសឱ្យដឹងថា បារាំងបានប្រគល់យន្តហោះចម្បាំងស៊េរី Mirage 2000-5 ប៉ុន្មានគ្រឿងដំបូង ឱ្យទៅដល់ដៃអ៊ុយក្រែនហើយ ដើម្បីជួយទីក្រុងកៀវ ការពារដែនអាកាស ពីការវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Lecornu បាននិយាយថា យន្តហោះចម្បាំង Mirage 2000-5 ដំបូងបំផុត បានទៅដល់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា យន្តហោះនោះប៉ុន្មានគ្រឿង ត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែនឡើយ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសាទរការទទួលបានយន្តហោះចម្បាំងពីបារាំង និងអរគុណប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់ការគោរពតាមពាក្យសន្យា។
លោក Macron បានប្រកាសពីបំណងផ្តល់យន្តហោះចម្បាំង Mirage ខាងលើ ឱ្យទៅអ៊ុយក្រែន តាំងពីខែមិថុនា ឆ្នាំ២០២៤ ហើយប៉ុន្មានខែមកនេះ ទីក្រុងប៉ារីសបានផ្តល់ការបណ្តុះបណ្តាល ឱ្យក្រុមអាកាសយានិកអ៊ុយក្រែន។ បើយោងតាមរបាយការណ៍កញ្ចប់ថវិកា ដែលចេញដោយសភាជាន់ទាបបារាំង កាលពីចុងឆ្នាំមុន ក្នុងចំណោមយន្តហោះ Mirage 2000-5 សរុប២៦គ្រឿង ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសបារាំង ៦គ្រឿងនឹងត្រូវផ្ទេរឱ្យទៅអ៊ុយក្រែន។ យ៉ាងណាមិញ ក្រសួងការពារជាតិបារាំង មិនបានបដិសេធឬទទួលស្គាល់ តួលេខនេះឡើយ ដោយសារហេតុផលពាក់ព័ន្ធបញ្ហាសន្តិសុខ។
គួរបញ្ជាក់ថា ក្រៅពីទទួលបានយន្តហោះចម្បាំងជាលើកដំបូងពីបារាំង អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ក៏បានប្រកាសពីការទទួលបាន យន្តហោះចម្បាំងផលិតដោយអាមេរិក F-16 ប៉ុន្មានគ្រឿងបន្ថែមទៀតពីប្រទេសហូឡង់ ផងដែរ។ ហូឡង់បានសន្យាផ្តល់យន្តហោះ F-16 សរុប២៤គ្រឿង ឱ្យទីក្រុងកៀវ៕