(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីមួយរូបរបស់ទីភ្នាក់ងារចារកម្មសម្ងាត់ CIA របស់អាមេរិកបានព្រមានថា ប្រទេសកូរ៉េខាងជើងនឹងក្លាយជាបញ្ហាធំជាងគេបំផុត ដែលគំរាមកំហែងដល់ប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិកប្រសិនបើប្រទេសអាស៊ីមួយនេះ សម្រេចបានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ លើគ្រាប់មីស៊ីលដែលអាចបាញ់ដល់ទឹកដីអាមេរិកមែននោះ។ នេះបើតាមសារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។
លោក Jami Miscik អតីតនាយករងនៃផ្នែកស៊ើបការណ៍សម្ងាត់របស់ CIA អាមេរិក បានលើកឡើងដូច ខាងលើនេះនៅក្នុងបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តី Fortune ដោយលោកបានសង្កត់ធ្ងនដូច្នេះថា «វាបានកើនឡើងនូវការគំរាមកំហែងបែបនេះដោយសារអាមេរិក មិនបានយកចិត្តទុកដាក់ឲ្យបាន ដិតដល់ជុំវិញបញ្ហារបស់កូរ៉េខាងជើងកន្លងមក»។
លោក Jami បានបន្តទៀតថា «ប្រធានាធិបតីអាមេរិក គឺត្រូវបានជ្រើសរើសដើម្បីឲ្យធ្វើការប្រឈមមុខ ទៅនឹងប្រទេសកូរ៉េខាងជើង ដែលកន្លងមកប្រធានាធិបតីអាមេរិកអាណត្តិមុនៗ សុទ្ធតែមិនដែលជួបប្រទះបញ្ហាធ្ងន់ធ្ងរដូចគ្នា។ កូរ៉េខាងជើងប្រាកដណាស់ថា កំពុងតែវិវឌ្ឍន៍ទៅមុខ មិនមែនត្រឹមតែដើម្បីក្លាយជាមហាអំណាចនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែគឺគេនឹងអាច ឈានទៅដល់ការបំពាក់គ្រាប់បែកនុយក្លេអ៊ែរ លើតួគ្រាប់មីស៊ីលថែមទៀត»។
គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់មន្ត្រីជើងចាស់អាមេរិកខាងលើនេះ បានធ្វើឡើងបន្ទាប់ពីទីក្រុង វ៉ាស៊ីនតោនបានព្រមានអំពីការធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើងបន្ថែមទៀត បន្ទាប់ពីការធ្វើតេស្ត លើកទី០៥ កាលពីខែកញ្ញាបានទទួលជោគជ័យធំធេង។ វាពិតប្រាកដណាស់ថាជំហានបន្ទាប់របស់ កូរ៉េខាងជើង គឺការផលិតឲ្យបាននូវក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចបំពាក់លើតួមីស៊ីល ហើយអាមេរិកនឹងហើយគឺជាប្រទេសគោលដៅរបស់កូរ៉េខាងជើង៕