(វ៉ាស៉ីនតោន)៖ លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដកទីក្រុងវ៉ាស៉ីនតោន ចេញពីស្ថាប័ន​មួយចំនួននៃអង្គការសហប្រជាជាតិ ហើយនឹងពិនិត្យឡើងវិញផងដែរលើការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់អង្គការពហុភាគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ខ្លឹមសារនៃបទបញ្ជាប្រតិបត្តិនេះ តម្រូវឱ្យទីក្រុងវ៉ាស៉ីនតោនដកខ្លួនចេញក្រុមប្រឹក្សាសិទ្ធិមនុស្ស (UNHRC) ទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) ហើយពិនិត្យមើល ការចូលរួមរបស់ខ្លួន ជាមួយអង្គការយូនេស្កូ (UNESCO) ដែលជាស្ថាប័នអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ។

សមាជិកទាំង ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ត្រូវបានជ្រើសរើសដោយមហាសន្និបាត រៀងរាល់អាណត្តិ ៣ឆ្នាំម្តង។ សហរដ្ឋអាមេរិក បានបញ្ចប់អាណត្តិចុងក្រោយរបស់ខ្លួន កាលថ្ងៃទី៣១ ខែធ្នូ ហើយបច្ចុប្បន្នមានឋានៈជាអ្នកសង្កេតការណ៍។

បទបញ្ជាប្រតិបត្តិថ្មីនេះ នឹងបញ្ចប់ការចូលរួមទាំងអស់របស់សហរដ្ឋអាមេរិក នៅក្នុងសកម្មភាពនានារបស់ក្រុមប្រឹក្សា ដែលរួមមានការពិនិត្យឡើងវិញនូវកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេស និងការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សជាដើម។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saar ក៏បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះដែរថា អ៊ីស្រាអែលបានជូនដំណឹងដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) អំពីការសម្រេចចិត្តដកការចូលរួមរបស់ខ្លួន ដោយធ្វើតាមគំរូរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធាន UNHRC លោក Jorg Lauber ដែលលោកបាន បង្ហោះនៅលើបណ្តាញសង្គម X លោក Saar បានលើកឡើងថា «ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយសារតែភាពលំអៀងជាប្រព័ន្ធ និងឥតឈប់ឈរប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស៕