(តេអេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការផ្ទៀងផ្ទាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជា «កិច្ចការងាយស្រួល» ហើយសហរដ្ឋអាមេរិកអាចត្រួតពិនិត្យបានពេលណាក៏បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ឱកាសដល់ សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជម្លោះតាមការទូត។

ក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយឯកអគ្គរដ្ឋទូតបរទេស នៅទីក្រុងតេអេរ៉ង់ លោក Pezeshkian បានលើកឡើងថា អ៊ីរ៉ង់មិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ ដោយសង្កត់ធ្ងន់ថា ការសម្លាប់មនុស្សស្លូតត្រង់យ៉ាងច្រើន ត្រូវបានហាមឃាត់នៅក្នុងគោលលទ្ធិរបស់ សាធារណរដ្ឋអ៊ីស្លាម។

លោកបាននិយាយដូច្នេះថា «ការផ្ទៀងផ្ទាត់កម្មវិធីនុយក្លេអ៊ែររបស់យើង គឺជាកិច្ចការងាយស្រួល ពួកគេបានមកផ្ទៀងផ្ទាត់រាល់ពេលដែលពួកគេចង់ធ្វើ។ ពួកគេអាចមកផ្ទៀងផ្ទាត់មួយរយដងទៀតបាន»។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីបំណងរបស់លោក ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរមួយ ដែលអាចផ្ទៀងផ្ទាត់បានជាមួយ អ៊ីរ៉ង់។ ក្នុងអំឡុងអាណត្តិមុនរបស់លោក ក្នុងឆ្នាំ២០១៨ លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញានុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងទីក្រុងតេអេរ៉ង់និងប្រទេស មហាអំណាច ហើយបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ៕