(ប៉េកាំង)៖ ចិន កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ បានប្រកាសអំពីការដំឡើងពន្ធលើសហរដ្ឋអាមេរិក ដែលជាវិធានការសងសឹកចំពោះការដំឡើងពន្ធ​របស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសចិន។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ចិននឹងយកពន្ធក្នុងអត្រា១៥ភាគរយ ទៅលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ LNG ដែលនាំចូល​ពីសហរដ្ឋអាមេរិក ព្រមទាំង១០ភាគរយលើប្រេងឆៅ គ្រឿងម៉ាស៉ីនកសិកម្ម យានយន្តដែលប្រើកម្លាំងម៉ាស៉ីនធំៗ និងរថយន្តប្រភេទ pickup របស់អាមេរិក។ បើតាមក្រសួងពាណិជ្ជកម្មចិន ការដំឡើងពន្ធនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។

ចំណាត់ការសងសឹកខាងលើរបស់ទីក្រុងប៉េកាំង ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពី​ចុងសប្តាហ៍មុន បានប្រកាសដំឡើងពន្ធបន្ថែម ១០ភាគរយទៀត មកលើទំនិញនាំចូល គ្រប់ប្រភេទពីចិន ដែលត្រូវបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃអង្គារ និងជាទង្វើដែលក្រសួងពាណិជ្ជកម្មចិន បានរិះគន់ថា បំពានយ៉ាងធ្ងន់ធ្ងរលើក្បួនច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក WTO។

នេះគ្រាន់តែជាការចាប់ផ្ដើមសង្រ្គាមពាណិជ្ជកម្ម២.០របស់លោក ត្រាំ តែប៉ុណ្ណោះ។ ប៉ុន្តែរឿងដែលសំខាន់ថាតើចិនបានត្រៀមខ្លួនរួចហើយឬនៅ?

*​ តើនៅមានពេលសម្រាប់កិច្ចព្រមព្រៀង ដែរទេ?
តាមពិតទៅ ការដំឡើងពន្ធគយលើទំនិញនាំចូលពីចិន ១០ភាគរយ របស់សហរដ្ឋអាមេរិក គឺជាតួលេខតិចតួចស្ដួចស្ដើង ជាងអ្វីដែលលោក ត្រាំ បានសន្យាថានឹងដំឡើងពន្ធដល់៦០ភាគរយ អំឡុងធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត។ ម្យ៉ាងវិញទៀត លោក ត្រាំ បានភ្ជាប់ការដំឡើងពន្ធនេះទៅនឹងបរាជ័យរបស់ចិនក្នុងការទប់ស្កាត់លំហូរចូលគ្រឿងញៀន fentanyl ទៅក្នុងសហរដ្ឋអាមេរិក ពោលគឺមិនមែនដោយសារតែ អតុល្យភាពនៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននោះទេ។ ម្លោះហើយ ក្រុមអ្នកជំនាញនៅក្នុងប្រទេសចិនជឿថាលោក ត្រាំ ប្រហែលជាកំពុងកេងចំណេញពេលវេលា រហូតទាល់តែរូបលោកទទួលបាន លទ្ធផលនៃការស៊ើបអង្កេតទ្រង់ទ្រាយធំលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន ដែលលោកផ្ទាល់បានដាក់បញ្ជាឱ្យបើកការស៊ើបអង្កេតនៅក្នុងបទបញ្ជាប្រតិបត្តិមួយដែលត្រូវបានស៊ីញ៉េ នៅថ្ងៃដំបូងដែលលោកឡើងកាន់តំណែង។ «លោក ត្រាំ ប្រហែលជាកំពុងរង់ចាំលទ្ធផលដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពាណិជ្ជកម្មដើម្បីអាចយកពន្ធ ឬដំឡើងពន្ធបន្ថែមលើប្រទេសមួយចំនួន ក៏ដូចជា ធ្វើតេស្ដលើប្រតិកម្ម និងឆន្ទៈរបស់ប្រទេសទាំងនោះសម្រាប់កិច្ចចរចា»។ នេះបើតាមការវិភាគមួយចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ នៅលើគេហទំព័រវិទ្យាស្ថាន Fudan Development Institute មានមូលដ្ឋាន ក្នុងទីក្រុងសៀងហៃ។

ការវិភាគនេះដដែលបានឱ្យដឹងទៀតថា «ហានិភ័យនៃការផ្ទុះទៅជាសង្រ្គាមពាណិជ្ជកម្មពេញទំហឹង មិនអាចត្រូវបានច្រានចោលឡើយ។ នៅមុនធ្វើសកម្មភាពជាក់ស្ដែង លោក ត្រាំ អាចនឹងប្រើប្រាស់យុទ្ធសាស្ត្រ មិនច្បាស់លាស់ ដើម្បីដាក់សម្ពាធលើគូប្រជែង ហើយរង់ចាំអ៊ុតមើលការផ្ដល់សម្បទានពីពួកគេមកវិញ»។ បទបញ្ជាឱ្យស៊ើបអង្កេតលើពាណិជ្ជកម្មរបស់លោក ត្រាំ ត្រូវបានរំពឹងថាអាចនឹងចេញជាលទ្ធផល នៅថ្ងៃទី១ ខែមេសាខាងមុខនេះ ដើម្បីឱ្យសេតវិមានពិចារណាថាតើត្រូវដំឡើងពន្ធបន្ថែមទៀតលើចិនដែរឬក៏យ៉ាងណា? តែអំឡុងពេលនេះ ចិននៅមានឱកាសដើម្បីកសាងទំនាក់ទំនងមួយ ជាមួយលោក ត្រាំ តាមរយៈការអញ្ជើញលោកប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចទៅកាន់ប៉េកាំង ឬក៏ជំរុញឱ្យមានកិច្ចព្រមព្រៀងបង្ការទុកមុនមួយសំដៅបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ។ មុនលោក ត្រាំ ប្រកាសដំឡើងពន្ធលើចិន អ្នកនយោបាយកំពូលៗ ក្នុងទីក្រុងប៉េកាំងបានបញ្ជូនសារបង្កប់ដោយអត្ថន័យចង់ផ្សះផ្សាគ្នា។ ជាក់ស្ដែង ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang កាលពីខែមករា បានប្រាប់ក្រុមមេដឹកនាំដែលចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ថាចិនចង់លើកកម្ពស់តុល្យភាពពាណិជ្ជកម្មជាមួយពិភពលោក ខណៈលោក ស៊ី ជីនពីងបានអំពាវនាវឱ្យមាន «ចំណុចចាប់ផ្ដើមថ្មីមួយ» នៅក្នុងទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងចិន។ តែព្រមពេលជាមួយគ្នា ចិននៅតែទុកផ្លូវក្រោយសម្រាប់ខ្លួនឯង ដោយតាមរយៈការសម្រេចចិត្តប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO តវ៉ាប្រឆាំងនឹងការដំឡើងពន្ធពី សហរដ្ឋអាមេរិក គឺជាសារមួយដែលចិនចង់ប្រាប់ពិភពលោកថា «ចិនជាប្រទេសគោរពច្បាប់ពាណិជ្ជកម្មសកល រីឯសហរដ្ឋអាមេរិកវិញទើបជាអ្នកបំពានច្បាប់»។

* សំលៀងដាវអស់ ៤ឆ្នាំ
ក្រុមអ្នកជំនាញនៅក្នុងប្រទេសចិន យល់ថាការដំឡើងពន្ធត្រឹម១០ភាគរយលើមុខទំនិញចិន គឺមិនអាចជះផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ច ឬពាណិជ្ជកម្មរបស់ចិនឡើយ ហើយវាក៏មិនតម្រូវឱ្យចិនត្រូវចាត់ វិធានការឆ្លើយតបខ្លាំងក្លាអ្វីនោះដែរ។ ដូច្នេះហើយទើប គេសង្កេតឃើញថាចិនមានភាពប្រុងប្រយ័ត្នក្នុងការសងសឹក ដោយប្រកាសថានឹងយកពន្ធក្នុងអត្រា១៥ភាគរយ ទៅលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ LNG ដែលនាំចូល​ពីសហរដ្ឋអាមេរិក ព្រមទាំង១០ភាគរយលើប្រេងឆៅ គ្រឿងម៉ាស៉ីនកសិកម្ម យានយន្តដែលប្រើកម្លាំងម៉ាស៉ីនធំៗ និងរថយន្តប្រភេទ pickup របស់អាមេរិក។ ចំណាត់ការរបស់ចិនគឺមានភាពទន់ភ្លន់ និងប្រយ័ត្នប្រយែងច្រើន បើធៀបទៅនឹងកាលពីសង្រ្គាមពាណិជ្ជកម្ម ក្នុងអាណត្តិទី១ របស់លោក ត្រាំ។ កាលពីឆ្នាំ២០១៨ លោក ត្រាំ បានដំឡើងពន្ធរាប់រយពាន់លានដុល្លារលើទំនិញនាំចូលពីចិន រីឯចិនវិញ បានដំឡើងពន្ធលើទំនិញអាមេរិក ដែលក្រុមអ្នកវិភាគវាយតម្លៃថាមានទំហំទឹកប្រាក់ ១៨៥ពាន់លានដុល្លារ។ មកដល់ជំនាន់លោក បៃដិន សហរដ្ឋអាមេរិកនៅតែរក្សាមួយផ្នែកធំនៃការដំឡើងពន្ធលើផលិតផលចិន ខណៈផ្ដោតសំខាន់លើយុទ្ធសាស្ត្រថ្មី នោះគឺរឹតត្បិតការនាំចេញបច្ចេកវិទ្យាសំខាន់ៗ ឬបន្ទះឈីបទៅកាន់ទីផ្សារចិន។ ចាប់តាំងពីពេលនោះមក ចិនបានចាប់ផ្ដើមដាក់ចេញវិធានការផ្ទាល់ខ្លួន ជាមួយការដាក់កំហិត លើការនាំចេញរ៉ែ និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួន ដែលចិនត្រូវការ និងពឹងផ្អែកជាចាំបាច់ដើម្បីផលិត រាប់ចាប់ពីផលិតផលបម្រើក្នុងវិស័យយោធា រហូតដល់ semiconductors ឬបន្ទះឈីប។ កាលពីចុង ឆ្នាំ២០២៤ ចិនក៏បានពង្រឹងបទបញ្ញត្តិពាក់ព័ន្ធនឹងការនាំចេញផងដែរ ដើម្បីសំលៀងសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងលើទំនិញដែលប្រើបានទាំងវិស័យស៊ីវិល និងយោធា។

លើសពីនេះទៅទៀត ចិនថែមទាំងបានចាត់វិធានការរួចហើយដែរ ក្នុងការការពារខ្លួនឯងពីផលប៉ះពាល់មួយចំនួនដែលអាចបង្កឡើងដោយការដំឡើងពន្ធរបស់លោក ត្រាំ ដែលសូម្បីតែលោក ត្រាំ ខ្លួនឯង រួមទាំង ក្រុមអ្នកសេដ្ឋកិច្ចវិទូអាមេរិក និងសមាជិកសភាអាមេរិកមួយចំនួនក៏បានទទួលស្គាល់ដែរថាការដំឡើងពន្ធលើចិន អាចនឹងនាំមកនូវបញ្ហាដល់ប្រជាជនអាមេរិកដូចគ្នា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននាំចូលទំនិញពីចិនគិតជាទឹកប្រាក់ ៤០១ពាន់លានដុល្លារ ជាមួយឱនភាពពាណិជ្ជកម្ម ២៧០ពាន់លានដុល្លារ គិតក្នុងរយៈពេល ១១ខែដំបូង កាលពីឆ្នាំ២០២៤។ នេះបើតាម ទិន្នន័យពីរដ្ឋាភិបាលអាមេរិក។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក គឺមានត្រឹមតែ ៣ភាគរយប៉ុណ្ណោះនៃផលិតផលសរុប GDP របស់ចិន និងតិចជាង ១៥ភាគរយនៃការនាំចេញសរុបរបស់ចិន។ លោកស្រី Keyu Jin ជាសាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យ London School of Economics បាននិយាយថា «ចិនបានត្រៀមលក្ខណៈរួចទៅហើយ ដើម្បីកុំឱ្យងាយរងគ្រោះឬ រងការខូចខាតដោយសារតែសហរដ្ឋអាមេរិក តាមរយៈការធ្វើពិពិធកម្មមធ្យោបាយមិនមែនសម្រាប់តែក្នុងនាមជាដៃគូពាណិជ្ជកម្ម ការវិនិយោគប៉ុណ្ណោះទេ តែក៏សម្រាប់រូបិយបណ្ណ និងប្រព័ន្ធទូទាត់ផងដែរ។ តាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ «ការដំឡើងពន្ធនឹងបង្កការខូចដល់ប្រទេសទាំង២ (សហរដ្ឋអាមេរិក និងចិន)។ តែព្រមពេលជាមួយគ្នា គេក៏បានឃើញរួចហើយដែរពីការប្ដូរទិសដៅពាណិជ្ជកម្មទៅកាន់បណ្ដាប្រទេសដទៃ ពីសំណាក់ក្រុមហ៊ុនចិន»។ តែយ៉ាងណាក៏ដោយ សម្រាប់លោកស្រី Keyu Jin ចិននៅតែមើលឃើញថាលោក ត្រាំ គឺជាមនុស្សម្នាក់ដែលពួកគេអាចចរចាជាមួយបាន ដូច្នេះ វានៅតែមានលទ្ធភាពសម្រាប់កិច្ចចរចា៕