Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីស្រាអែល បញ្ជាឱ្យកងទ័ពរៀបចំផែនការសម្រាប់ «ការចាកចេញដោយស្ម័គ្រចិត្ត» របស់ប្រជាជនប៉ាឡេស្ទីនចេញពីហ្គាហ្សា (Video inside)

06-02-2025 19:14

(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាឱ្យកងទ័ពចាប់ផ្តើមរៀបចំ ផែនការដើម្បីអនុញ្ញាតឱ្យមាន «ការចាកចេញដោយស្ម័គ្រចិត្ត» របស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ ការបញ្ជានេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដាក់សំណើ ផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គំនិតផ្លាស់ទីលំនៅជនជាតិប៉ាឡេស្ទីន បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងការថ្កោលទោសពី មេដឹកនាំនៅមជ្ឈិមបូព៌ានិងជុំវិញពិភពលោក។ កាលពីថ្ងៃពុធរដ្ឋបាលត្រាំ ហាក់ដូចជាបាន ធ្វើការកែប្រែខ្លះៗលើសំណើមួយចំនួន។

ទោះជាយ៉ាងណា ប៉ុន្មានម៉ោងក្រោយមក រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានប្រកាសថា លោកបានណែនាំយោធាឱ្យបង្កើតផែនការ សម្រាប់ការចាកចេញដោយ ស្ម័គ្រចិត្តរបស់ប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាម អស់រយៈពេលជាងមួយឆ្នាំ។

«ខ្ញុំបានណែនាំ IDF (យោធា) ឱ្យរៀបចំផែនការ ដើម្បីអនុញ្ញាតឱ្យមានការចាកចេញ ដោយ ស្ម័គ្រចិត្តសម្រាប់អ្នកស្រុកហ្គាហ្សា» លោក Katz បានថ្លែង ដោយបន្ថែមថា ពួកគេអាចទៅ «ប្រទេសណាមួយដែលចង់ទទួលយកពួកគេ»។

លោកបានបញ្ជាក់បន្ថែមថា «ផែនការនេះនឹងរួមបញ្ចូលជម្រើសច្រកចេញតាមរយៈការឆ្លងកាត់ផ្លូវគោក ក៏ដូចជាការរៀបចំពិសេសសម្រាប់ការចាកចេញតាមសមុទ្រ និងផ្លូវអាកាស»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈបាននិយាយអំឡុងសនិ្នសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សា នៅបន្ទាប់ពីប្រជាជនប៉ាឡេស្ទីន ត្រូវបានជម្លៀស ឬផ្ទេរចេញទៅកាន់បណ្ដាប្រទេសក្បែរខាង។ តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវ លើការបោសសម្អាតគ្រាប់មីន អាវុធ រួមទាំងអគារដែលត្រូវបានបំផ្លាញ ហើយនឹងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ ដើម្បីប្រែក្លាយហ្កាហ្សាឱ្យក្លាយទៅជាទីក្រុងមាត់សមុទ្រមួយ។

ប៉ុន្តែ បណ្ដាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកមួយចំនួនបានរិះគន់ និងបង្ហាញជំហរប្រឆាំងជំទាស់នឹងផែនការរបស់លោក ត្រាំ ដោយពួកគេគាំទ្រដល់ ដំណោះស្រាយរដ្ឋ២ រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន៕