(ប៉េកាំង)៖ រសៀលថ្ងៃទី៥ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយ លោក Zardariប្រធានាធិបតីប៉ាគីស្ថានដែលអញ្ចើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានចង្អុលបង្ហាញថា ប្រទេសចិន និងប៉ាគីស្ថាន គឺជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទាំងស្រុង។ ប្រទេសចិននឹងគាំទ្រប៉ាគីស្ថានយ៉ាងមុតមាំ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។ ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប៉ាគីស្ថានក្នុងវិស័យផ្សេងៗ និងរួមគ្នាកសាងគំរូល្អ នៃកិច្ចសហប្រតិបត្តិការ ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។ សង្ឃឹមថាប៉ាគីស្ថាន នឹងពង្រឹងកិច្ចការពារ នូវសុវត្ថិភាពរបស់ប្រជាជនចិន គម្រោង និងអង្គភាពរបស់ចិន នៅក្នុងប្រទេសប៉ាគីស្ថាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំង ភេរវកម្មទ្វេភាគី និងពហុភាគី។ ឆ្នាំ២០២៦ គឺជាខួបទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប៉ាគីស្ថាន ភាគីទាំងពីរគួរតែពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យផ្សេងៗទៀត ដើម្បីបន្តទំនាក់ទំនងមិត្តភាពរវាងចិន និងប៉ាគីស្ថាន។
លោក Zardari បានថ្លែងថា ប៉ាគីស្ថានសូមអរគុណប្រទេសចិន ដែលផ្ដល់ជំនួយដែលមិនគិត ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសប៉ាគីស្ថាន ហើយមានឆន្ទៈក្នុងការរៀនសូត្រ ពីបទពិសោធន៍ជោគជ័យរបស់ប្រទេសចិន ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃច្រករបៀងសេដ្ឋកិច្ចចិន និងប៉ាគីស្ថាន និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងជួយប៉ាគីស្ថានសម្រេចបាននូវឧស្សាហូបនីយកម្ម និងទំនើបកម្ម។
បន្ទាប់ពីកិច្ចពិភាក្សាការងារ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នា ធ្វើជាសក្ខីភាពក្នុងការចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ពាក់ព័ន្ធដូចជាការរួមគ្នាកសាង ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន វិស័យពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងវិទ្យុនិងទូរទស្សន៍ជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន