(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Zaparova ភរិយារបស់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានក្នុងទីក្រុងប៉េកាំង។
លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថានមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយសង្ឃឹមថា ប្រជាជននៃប្រទេសទាំងពីរនឹងប្រាស្រ័យទាក់ទងគ្នា ឱ្យបានញឹកញាប់ ដើម្បីបង្កើនចំណងមេត្រីភាព ។ ការផ្លាស់ប្តូរវប្បធម៌ គឺជាស្ពានដ៏សំខាន់មួយសម្រាប់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន សង្ឃឹមថាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ រវាងប្រជាជនចិននិងកៀហ្ស៊ីស៊ីស្ថាន នឹងទទួលបានការអភិវឌ្ឍយ៉ាងផុលផុស។ លោកស្រីរំពឹងទុកថា ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន អាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី កុមារ និងក្រុមងាយរងគ្រោះ ដើម្បីរួមគ្នាផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកស្រី Zaparova បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង របស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ហើយបានសម្តែងនូវឆន្ទៈក្នុងការជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើ វិស័យវប្បធម៌ និងវិស័យផ្សេងៗទៀតរវាងប្រទេសកៀហ្ស៊ីស៊ីស្ថាននិងចិន សំដៅបន្តពង្រឹងចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ៕
វិទ្យុមិត្តភាពកម្ពុជាចិន