(ប៉េកាំង)៖ ឆ្នាំ២០២៥ ជាឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ដូច្នេះ ស្ថានការណ៍សេដ្ឋកិច្ចចិនទទួលបាន ចំណាប់អារម្មណ៍កម្រិតកាន់តែខ្ពស់ពីបណ្តាភាគីនានា ។ ក្នុងបរិបទដែលបម្រែបម្រួលនិម្មាបនកម្មរបស់សកលលោក ដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ មានភាពកាន់តែខ្លាំងឡើងៗ ជម្លោះពាណិជ្ជកម្មនៅលើពិភពលោកទាំងមូល បានឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ឧត្តមភាពរបស់សេដ្ឋកិច្ចចិនដែលមានភាពធន់យ៉ាងខ្លាំង និងសក្តានុពលដ៏ធំធេង ក៏មានភាពកាន់តែលេចធ្លោ ។ ជាពិសេសគឺអំឡុង ថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំម្សាញ់ដែលទើបកន្លងផុតទៅ ទីផ្សារប្រើប្រាស់ ដែលមានភាពសកម្មបានឆ្លុះបញ្ចាំងពី កម្លាំងរស់រវើកថ្មីឥតឈប់ឈររបស់សេដ្ឋកិច្ចចិន ហើយបានក្លាយជា ក្បាលម៉ាស៊ីនដ៏ខ្លាំងក្លា សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងឆ្នាំថ្មី។
ទន្ទឹមនឹងទ្វារបើកទូលាយរបស់ចិនកាន់តែបើកកាន់តែធំ កម្រិតពន្ធគយសរុបក៏កាត់បន្ថយជាបន្តបន្ទាប់ដែរ ផ្លែគីវីរបស់ប្រទេសនូវែលសេឡង់ ផ្លែឈែរីប្រទេសស៊ីលី និងបង្កង ប្រទេសអូស្ត្រាលីជាដើម ត្រូវបានដាក់បញ្ចូលក្នុង បញ្ជីមុខទំនិញចូលឆ្នាំថ្មីរបស់ប្រជាជនចិន ដែលបានបង្ហាញឱ្យឃើញនូវតម្រូវការការប្រើប្រាស់ដ៏សម្បូរបែប និងកម្លាំងរស់រវើក នៃការប្រើប្រាស់របស់ប្រទេសចិន ។ នៅឆ្នាំ២០២៤ ទំហំនាំចូលរបស់ប្រទេសចិនបានបង្កើត កម្រិតខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ ដែលបានកាន់លំដាប់ថ្នាក់ទីពីរនៃទីផ្សារនាំចូល នៅទូទាំងពិភពលោកក្នុងរយៈពេល១៦ឆ្នាំជាប់ៗគ្នា ។
ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំម្សាញ់ ការធ្វើដំណើររបស់ប្រជាជនចិនបានបំបែកកំណត់ត្រាថ្មីម្តងទៀត ។ ទិន្នន័យរបស់ ក្រសួងគមនាគមន៍និងដឹកជញ្ជូននៃប្រទេសចិន បានបង្ហាញថា តាមការប៉ាន់ប្រមាណ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីរយៈពេល៨ថ្ងៃ លំហូរអ្នកដំណើរឆ្លងតំបន់ក្នុងប្រទេសចិនទាំងមូល មានចំនួនសរុបលើសពី២ពាន់៣រយលាននាក់ ទេសចរណ៍ក្នុង បុណ្យចូលឆ្នាំថ្មីចិន មានសន្ទុះកាន់តែខ្លាំងឡើង ការធ្វើទេសចរបានក្លាយជាទំនៀមទំលាប់ថ្មីក្នុងបុណ្យចូលឆ្នាំថ្មីចិន ។ ដោយឡែក នៅឆ្នាំនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិនបានប្រកាស ផែនទីទេសចរណ៍នៅតំបន់ព្រិលទឹកកកល្អៗ ចំនួន១២កន្លែង ព្រិលទឹកកកបូកជាមួយទំនៀមទំលាប់ប្រពៃណី កីឡាបូកជាមួយទេសចរណ៍ ធ្វើឱ្យប្រជាជនកាន់តែច្រើន ចូលចិត្តធ្វើទេសចរណ៍ នៅតំបន់ព្រិលទឹកកក ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីចិន ។ ទេសចរណ៍នៅតំបន់ព្រិលទឹកកក ក៏បានជំរុញការអភិវឌ្ឍសណ្ឋាគារ និងភោជនីយដ្ឋាននៅតំបន់ជុំវិញ ដែលបានលើកកម្ពស់ទីផ្សារប្រើប្រាស់ ក្នុងវិស័យទេសចរណ៍យ៉ាងលេចធ្លោ។
ក្រៅពីធ្វើទេសចរណ៍ក្នុងស្រុក ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ ការធ្វើទេសចរណ៍នៅបរទេសរបស់ប្រជាជនចិន ក៏មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ។ ការពន្យារពេល ថ្ងៃបុណ្យចូលឆ្នាំថ្មីចិន ប្រទេសដែលលើកលែងទិដ្ឋាការ មានចំនួនកាន់តែច្រើន និងជើងយន្តហោះអន្តរជាតិបានរៀបចំឡើងវិញ កត្តាទាំងនេះសុទ្ធតែធ្វើឱ្យអ្នកទេសចរចិន កាន់តែចូលចិត្តធ្វើទេសចរទៅក្រៅប្រទេស ។ ទិន្នន័យដែលវេទិកាទេសចរណ៍តាមអនឡាញបានបង្ហាញថា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៥ ការកក់សំបុត្រទេសចរណ៍ឆ្លងដែន បានកើនឡើង៣០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៤ ។ គោលដៅទេសចរណ៍ឆ្លងដែនដែលពេញនិយម រួមមានប្រទេសជប៉ុន ចិនហុងកុង ថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្រាលីនិងកូរ៉េខាងត្បូងជាដើម ។ ប្រទេសអាមេរិក អេស្ប៉ាញ អ៊ីតាលីនិងបារាំងជាដើម ដែលជាគោលដៅទេសចរណ៍មានចម្ងាយឆ្ងាយ ក៏ទទួលបានការស្វាគមន៍ពីភ្ញៀវទេសចរចិនដែរ ដែលបានកើនឡើង៥៣ភាគរយ ៨២ភាគរយ ៥៦ភាគរយ និង៥០ភាគរយដោយឡែកពីគ្នា។
ដោយទទួលបានប្រសិទ្ធភាពដ៏ល្អប្រសើរជាច្រើន ដូចជាវិសាលភាពលើកលែងទិដ្ឋការបានពង្រីកធំ ការផ្តល់ភាពងាយស្រួល សម្រាប់ធ្វើទិដ្ឋការចូលដែន និងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីចិនទីមួយបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ធ្វើឱ្យទីផ្សារទេសចរណ៍ចូលដែនរបស់ចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ ជើងហោះហើរចំនួនលើសពី៥៥០០លើក បានដឹកភ្ញៀវទេសចរនៅទូទាំងពិភពលោក ទៅកាន់ប្រទសចិនសម្រាប់ឆ្លងបុណ្យចូលឆ្នាំថ្មីចិន ។ «របាយការណ៍បូកសរុបទេសចរណ៍ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៥»បានបង្ហាញថា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៥ ប្រទេសជាប្រភពភ្ញៀវទេសចរណ៍ធំៗទាំង១០ តាមលំដាប់រួមមានកូរ៉េខាងត្បូង អាមេរិក ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន អង់គ្លេស ថៃ រុស្ស៊ី អូស្រ្តាលី និងបារាំង ។ តាមស្ថិតិ ក្នុងវេទិកាកម្មវិធីវីដេអូខ្លីនៅបរទេស វីដេអូដែលដាក់ស្លាកថា “ដំណើរនៅចិន”មានចំនួនជិត៩ម៉ឺន បរិមាណចាក់ផ្សាយវីដេអូ មានចំនួនជិត១ពាន់លាន ។ ក្នុងបណ្តាញអ៊ីនធឺណែត វីដេអូខ្លីដែលមានប្រធានបទ “ឆ្នាំថ្មីចិន” បានផ្ទុះល្បីជាបន្តបន្ទាប់។
ក្រៅពីនេះ ទីផ្សារភាពយន្តចិនក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៥ ក៏មានភាពអ៊ូអរដែរ ។ តាមស្ថិតិរបស់រដ្ឋបាលភាពយន្តជាតិចិន ឱ្យដឹងថា គិតរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ បរិមាណលក់សំបុត្រភាពយន្តក្នុង អំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៥ បានឈានដល់១០ប៊ីលានយាន់ប្រាក់ចិន ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មី។ ក្រៅពីនេះ បរិមាណលលក់សំបុត្រភាពយន្តសរុប នៃទីផ្សារភាពយន្តចិនបានវ៉ាដាច់អាមេរិកខាងជើង ជាប់ចំណាត់ថ្នាក់លេខមួយ លើពិភពលោក ។
អាចសង្កេតឃើញថា នៅដើមឆ្នាំ២០២៥ ដំណើរការសេដ្ឋកិច្ចចិនបានងើបឡើងវិញយ៉ាងលេចធ្លោ ក៏បានពង្រឹងទំនុកចិត្ត ក្នុងសង្គមចិនប្រកបដោយប្រសិទ្ធភាព ។ ភាពសកម្មនៃសេដ្ឋកិច្ចចិនអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីចិន ធ្វើឱ្យដៃគូពាណិជ្ជកម្មនៅលើ ពិភពលោកកាន់តែមានសុទិដ្ឋិនិយមចំពោះអនាគតទីផ្សារចិន ហើយក៏មានទីចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់ឱ្យសេដ្ឋកិច្ចចិន ក្នុងឆ្នាំនេះមានភាពល្អប្រសើរជាបន្តបន្ទាប់ផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន