(ប៉េកាំង)៖ នៅប៉ុន្មានថ្ងៃមុន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយ ១០ ភាគរយលើទំនិ ញចិនដែលនាំចេញទៅ សហរដ្ឋអាមេរិកដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស រីកឯភាគីចិនបានថ្លែងភ្លាមៗថា នឹងចាត់វិធានការតបតវិញដ៏ចាំបាច់ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន។ នៅថ្ងៃទី ៤ ខែកុម្ភៈ វិធានការតបតវិញពាក់ព័ន្ធត្រូវបានអនុវត្ត ពោលគឺ ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥តទៅ ប្រទេសចិននឹងហូតពន្ធបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពដើម នៅសហរដ្ឋអាមេរិក ។ ទន្ទឹមនឹងនេះ ប្រទេសចិន បានដាក់ពាក្យបណ្តឹងទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) រួចហើយ ។ មតិអន្តរជាតិសម្គាល់ឃើញថា វិធានការតបតវិញរបស់ចិន គឺ សមស្របនឹងច្បាប់អន្តរជាតិនិងច្បាប់កំណត់ នៃអង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងក៏បានគោរពកិត្យានុភាព នៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ ដែលមានសារសំខាន់ណាស់ ចំពោះការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ក្នុងនាមជាប្រទេសមានអធិបតេយ្យភាពមួយ ប្រទេសចិនមានសិទ្ធិអភិវឌ្ឍន៍ដ៏ស្របច្បាប់ ។ សហរដ្ឋអាមេរិកបានធ្វើឱ្យ វិបត្តិថ្នាំហ្វេនតានីលដែលបណ្តាលមកពី អសមត្ថភាព ក្នុងការធ្វើអភិបាលកិច្ចក្នុងស្រុក ផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ហើយបានយកកលល្បិចពន្ធគយធ្វើជាលេស ដើម្បីផ្ទេរទំនាស់ក្នុងស្រុក ធាតុពិតគឺដាក់សម្ពាធ យ៉ាងកម្រោលទៅលើសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសចិន ។ ភាគីអាមេរិកបានបង្ករឿងហេតុមុនគេ បន្ទាប់មកទើបភាគីចិនចិន បានចាត់វិធានការតបតវិញតាមផ្លូវច្បាប់ នេះគឺសមហេតុផល។
"បើមើលពីក្បួនច្បាប់អន្តរជាតិអាចឃើញថា ប្រទេសចិននិងសហរដ្ឋអាមេរិកសុទ្ធតែជា រដ្ឋសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយគួរតែគោរពតាមច្បាប់កំណត់ នៃអង្គការនេះ ។ អនុលោមតាម «អនុស្សរណៈយោគយល់នៃច្បាប់កំណត់ និងនីតិវិធីរបស់អង្គការ WTO ស្តីពីការដោះស្រាយវិវាទ» ប្រទេសចិនមានសិទ្ធិ ក្នុងការដាក់ពាក្យបណ្តឹង ទៅកាន់អង្គការ WTO ព្រមទាំងអនុវត្តវិធានការតបតវិញពាក់ព័ន្ធ ។ ភាគីចិនធ្វើបែបនេះគឺជា ការគាំពារច្បាប់កំណត់អន្តរជាតិយ៉ាងមុតមាំ ហើយក៏បានបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា អំណាចខ្លាំងមិនមែនជា សច្ចធម៌អន្តរជាតិទេ ច្បាប់កំណត់មិនអាចជាន់ឈ្លីបានឡើយ។
បើមើលពីវិធានការជាក់ស្តែងអាចឃើញថា ដោយអនុលោមតាមច្បាប់និងការកំណត់ពាក់ព័ន្ធ ភាគីចិនបានកំណត់ជាក់លាក់ថា ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥តទៅ នឹងដំឡើងពន្ធគយចំនួន ១៥ ភាគរយលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដូចជាធ្យូងថ្មនិងឧស្ម័នធម្មជាតិរាវជាដើម ហើយបានដំឡើងពន្ធគយចំនួន ១០ ភាគរយលើប្រេងឆៅ គ្រឿងចក្រកសិកម្ម រថយន្តបំពាក់ម៉ាស៊ីនចំណុះធំ និងរថយន្តប្រភេទភីកកាប់។ អ្នកវិភាគសម្គាល់ឃើញថា វិធានការតបតវិញរបស់ចិន បានឆ្លុះបញ្ចាំងពីលក្ខណៈឯកភាពនៃគោលការណ៍ និងភាពរស់រវើកដែលប្រកបដោយ ភាពចំគោលដៅនិងប្រសិទ្ធភាព។
ការពិតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិក បានបំផុសសង្គ្រាមពន្ធគយ ទៅលើប្រទេសចិន ទីបំផុតអ្នកដែលត្រូវបង់តម្លៃនោះ គឺសហរដ្ឋអាមេរិកខ្លួនឯង។ តាមការគណនារបស់ធនាគារគំនិត អាមេរិកឱ្យដឹងថា សង្រ្គាមពាណិជ្ជកម្មក្នុងឆ្នាំ ២០១៨ បានបណ្តាលឱ្យអ្នកប្រើប្រាស់អាមេរិកទទួលបន្ទុកបន្ថែមចំនួនលើសពី ៤ម៉ឺនលាន ដុល្លារអាមេរិកនិងបាត់បង់ឱកាសការងារចំនួន ២៤ ម៉ឺន ៥ ពាន់ ។ បន្ទាប់ពីបានធ្វើអនុត្តរភាពខាងពាណិជ្ជកម្ម បិទខ្ទប់និងគាបសង្កត់ទៅលើប្រទេសចិន សហរដ្ឋអាមេរិកមិនត្រឹមតែ មិនបានសម្រេច នូវការជំរុញឱ្យឧស្សាហកម្មកម្មន្តសាល វិលត្រឡប់ទៅរកអាមេរិកវិញ ឬកាត់បន្ថយឱនភាពពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានបន្ថែមដើមទុន នៃប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។
ហេតុនេះហើយបានជា ប៉ុន្មានថ្ងៃជាប់មកនេះ ឥស្សរជនអន្តរជាតិដែលក្នុងនោះ បូករួមទាំងថ្នាក់ដឹកនាំអឺរ៉ុបផងដែរបាននាំគ្នា ព្រមានថា ការដែលសហរដ្ឋអាមេរិកបានបំផុសសង្គ្រាមពន្ធគយជុំថ្មី គឺជាទង្វើឆោតល្ងង់ណាស់ ។លោកស្រី Ursula vonder Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប បានថ្លែងកាលពីថ្ងៃទី ៣ ខែកុម្ភៈថា ការដំឡើងពន្ធគយខ្ពស់ នឹងបន្ថែមដើមទុន ពាណិជ្ជកម្ម បំផ្លាញដល់ផលប្រយោជន៍របស់នយោជិកនិងអ្នកប្រើប្រាស់ ក៏ដូចជាបង្កបង្កើតភាពចលាចល ខាងសេដ្ឋកិច្ចនិងធ្វើឱ្យអតិផរណាកើនឡើងយ៉ាងខ្លាំង វាមិនអាចទទួលបាន ផលប្រយោជន៍ណាមួយឡើយ ។ តាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិក ឡើងកាន់មុខតំណែង បានរកឃើញថា ប្រជាជនអាមេរិកភាគច្រើនបានប្រឆាំងនឹង ការអនុវត្តវិធានការដំឡើងពន្ធគយជុំថ្មី។
និយាយរួមទៅ ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។ សហរដ្ឋអាមេរិក គួរគិតពិចារណាពីសុខុមាលភាព និងផលប្រយោជន៍របស់ប្រជាជន ឈ្វេងយល់ប្រកបដោយ វិចារណញ្ញាណនូវធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក ក៏ដូចជាប្រញាប់កែតម្រូវ ទង្វើខុសឆ្គងរបស់ខ្លួន ភ្លាមៗដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាព ។ បើពុំនោះសោត ការពិតជាក់ស្តែងក៏នឹងបង្ហាញម្តងទៀតថា សង្គ្រាមពាណិជ្ជកម្មនិង សង្គ្រាមពន្ធគយគ្មានអ្នកឈ្នះឡើយ៕
វិទ្យុមិត្តភាពកម្ពុជាចិន