(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈថា គ្រប់អាកាសយានដ្ឋានទូទាំងប្រទេស ត្រូវតែបំពាក់កាមេរ៉ាស្កេន និងរ៉ាដាចាប់សញ្ញាសត្វបក្សី បន្ទាប់ពីគ្រោះថ្នាក់យន្តហោះរបស់ក្រុមហ៊ុន Jeju Air សម្លាប់មនុស្ស ១៧៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
យន្តហោះធុន Boeing 737-800 ដែលចុះចតទៅហើយ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan បែរជាត្រូវផ្ទុះឆេះ។ ពីឡុតនិយាយថា មានការវាយប្រហារពីសត្វបក្សី អំឡុងពេលចុះចតដំបូង។ នៅពេលចុះចតលើកទីពីរ កង់យន្តហោះមិនបានបញ្ចេញមកក្រៅទេ ហើយក៏រអិលទៅបុកជញ្ជាំងការពារតែម្តង។ ក្រុមស៉ើបអង្កេតកូរ៉េខាងត្បូង និងសហដ្ឋអាមេរិក កំពុងបន្តរកមូលហេតុពិតប្រាកដនៅឡើយ។
បទបញ្ជានេះ ត្រូវបានប្រកាសជាផ្នែកមួយនៃការត្រួតពិនិត្យសុវត្ថិភាពពិសេស លើអាកាសយានដ្ឋានទូទាំងប្រទេស រួមជាមួយការស្ទង់មតិដ៏ទូលំទូលាយ ទៅលើគ្រឿងបរិក្ខារដែលងាយទាក់ជាមួយសត្វបក្សី។ ក្រសួងដែនដីកូរ៉េខាងត្បូង បញ្ជាក់ថា «អាកាសយានដ្ឋានទាំងអស់ នឹងត្រូវបំពាក់កាមេរ៉ាថតស្កេនយ៉ាងតិចមួយគ្រឿង ដោយអាចចាប់ផ្តើមដាក់ឱ្យដំណើរការ នៅឆ្នាំក្រោយ»។
ឧបករណ៍ Mobile sonic devices ក៏នឹងត្រូវបានអនុវត្តផងដែរ ដើម្បីដោះស្រាយជាមួយទំហំសត្វបក្សី មធ្យមឬធំ។ រីឯ រ៉ាដានឹងឆ្លុះឃើញទំហំ និងចលនារបស់វា ហើយព័ត៌មាននេះត្រូវបញ្ជូនបន្ត ទៅកាន់អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដែលទាក់ទងជាប់ជាមួយពីឡុត៕