(តូក្យូ)៖ មន្រ្តីរដ្ឋាភិបាលថ្នាក់តំបន់បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ជំនួយសង្រ្គោះបន្ទាន់ត្រូវបានបញ្ជូន ទៅកាន់ខេត្ត Tottori និងតំបន់ជុំវិញនោះដែលស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុនបន្ទាប់ពីគ្រោះ រញ្ជួយដីកម្រិត៦.៦ រ៉ិចទ័រ បានវាយប្រហារតំបន់ទាំងនោះនៅថ្ងៃសុក្រម្សិលមិញនេះ ហើយផ្នែក ព្យាករណ៍ភូមិសាស្ត្របានអះអាងថា នឹងអាចមានគ្រោះរញ្ជួយដីកើតឡើងថែមទៀត។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។
ស្បៀងអាហារ, មុង-ភួយ, ទឹកបរិសុទ្ធ, និងតង់សម្រាប់ស្នាក់នៅបណ្តោះអាសន្នត្រូវបានបញ្ជូន ទៅកាន់តំបន់មួយចំនួនដែលបានទទួលរងការវាយប្រហារខ្លាំងក្លាជាងគេរួមមានទីក្រុង Kurayoshi ព្រមទាំងក្រុងYurihama និងHokuei ក្នុងខេត្ត Tottori។ ជាមួយគ្នានេះដែរមនុស្សលើសពី២០នាក់ បានទទួលរងរបួសហើយប្រមាណ២,៨០០នាក់ទៀតបច្ចុប្បន្នកំពុងស្នាក់នៅក្នុងទីជម្រកសុវត្ថិភាព ដែលបានរៀបចំដោយរដ្ឋាភិបាល រីឯអ្នកផ្សេងទៀតសុខចិត្តជ្រើសរើសយករថយន្ត ធ្វើជាទីស្នាក់អាស្រ័យបន្ទាន់របស់ពួកគេ។
អាជ្ញាធរប្រចាំតំបន់រងគ្រោះបានឲ្យដឹងដែរថា ខណៈការញ័ររញ្ជួយនៅតែបន្តកើតមានមកទល់ ថ្ងៃសៅរ៍នេះលំនៅឋានច្រើនជាង១៦០ខ្នងនៅក្នុងទីក្រុងKurayoshi និងក្រុងYurihama ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងហើយផ្ទះបីខ្នងផ្សេងទៀតនៅក្រុងHokuei បានដួលរលំខ្ទេចគ្មានសល់តែម្តង។
ទន្ទឹមគ្នានេះដែរទីភ្នាក់ងារឧតុនិយមជប៉ុនJMAបានបញ្ជាក់ថាប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ បានទទួលរងការខូចខាតដោយសារការរញ្ជួយដីដូច្នេះហើយការផ្គត់ផ្គង់ទឹកស្អាតទៅកាន់ផ្ទះចំនួន ១៦,០០០ខ្នងត្រូវបានកាត់ផ្តាច់។ មួយវិញទៀតJMAក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្ត Tottoriនិងតំបន់ជុំវិញនោះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចព្រោះថាការរអិលបាក់ដីអាចនឹង កើតមានឡើងហើយអគារជាច្រើនទៀតអាចនឹងត្រូវដួលរលំបន្ថែមទៀតផងដែរ៕