(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ អ៊ុយក្រែន បាននិយាយថា ខ្លួនបានចាប់ខ្លួនទាហានរុស្ស៉ី ចំនួនជិត១០០០នាក់ អំឡុងការប្រយុទ្ធគ្នាជាង៦ខែមកនេះ នៅឯតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោធាអ៊ុយក្រែន បាននិយាយថា អំឡុងប្រតិបត្តិការនៅ Kursk កងកម្លាំងអ៊ុយក្រែន ចាប់បានទាហានរុស្ស៉ីសរុបមកទល់ឥឡូវ ចំនួន៩០៩នាក់ ខណៈប្រការនេះនឹងជួយសម្រេចទៅបាន នូវការបន្តនាំយកទាហានអ៊ុយក្រែន ដែលស្ថិតក្រោមការឃុំឃាំងរបស់រុស្ស៉ី ត្រឡប់មកវិញ។ ទីក្រុងកៀវនិងមូស្គូ នៅតែបន្តកិច្ចសហការដោះដូរឈ្លើយសឹក បើទោះបីធ្វើសង្រ្គាមជាមួយគ្នា អស់រយៈពេលជិត៣ឆ្នាំ មកហើយក៏ដោយ ហើយអ៊ុយក្រែន បានចាត់ទុកកិច្ចប្រឹងប្រែងនាំយក កងទ័ពដែលត្រូវបានចាប់ខ្លួន ត្រឡប់មកវីញ ជាអាទិភាពចម្បងមួយ។
គួរបញ្ជាក់ថា កាលពីអំឡុងចុងឆ្នាំមុន យោធាអ៊ុយក្រែន បានអះអាងថា កងកម្លាំងរបស់ខ្លួន ចាប់បានទាហានរុស្ស៉ីជាង៧០០នាក់ ចាប់តាំងពីបើកប្រតិបត្តិការវាយលុកនៅ តំបន់ Kursk កាលពីខែសីហាមក។ កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែននិងរុស្ស៉ី ទើបតែបានធ្វើការដោះដូរឈ្លើយសឹក ក្នុងជុំថ្មីចុងក្រោយបំផុត ដែលមានចំនួន៣០០នាក់ (ម្ខាង១៥០នាក់)៕