(ដាម៉ាស)៖ កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ការិយាល័យប្រធានាធិបតីស៉ីរី បានឱ្យដឹងថា ប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa ទទួលបានការអញ្ជើញពីប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីបំពេញទស្សនកិច្ចទៅកាន់​ប្រទេសបារាំង ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការអញ្ជើញនោះធ្វើឡើង អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃពុធ។ បើតាមវិមាន Élysée លោក Macron បានសម្រេចបើកកិច្ចសន្ទនាទូរស័ព្ទជាមួយ លោក al-Sharaa ដោយសារតែសន្និសីទអន្តរជាតិមួយស្តីពីប្រទេសស៉ីរី នឹងត្រូវរៀបចំ​ឡើង នៅទីក្រុងប៉ារីស នាថ្ងៃទី១៣ ខែកុម្ភៈ។ អំឡុងកិច្ចសន្ទនា លោកប្រធានាធិបតីបារាំង បានបង្ហាញក្តីសង្ឃឹមថា សកម្មភាពរបស់​រដ្ឋាភិបាលបណ្តោះអាសន្នស៉ីរី នឹងស្របទៅតាមសេចក្តីប៉ងប្រាថ្នារបស់ប្រជាជនស៉ីរី ហើយលោកបានអះអាងថា បារាំងកំពុងធ្វើការសំដៅដកទណ្ឌកម្ម ដែលបានដាក់ទៅលើស៉ីរី ដើម្បីជួយលើកស្ទួយការស្តារនិងកំណើននៃសេដ្ឋកិច្ច​របស់ស៉ីរី។

គួរបញ្ជាក់ថា ក្រោយសង្រ្គាមស៉ីវិលផ្ទុះឡើង នៅស៉ីរីកាលពីឆ្នាំ២០១១ បារាំងបានចូលរួមផ្តល់ ការគាំទ្រផ្នែកភស្តុភារនិងយោធា ដល់ខាងក្រុមឧទ្ទាម។ លោក al-Sharaa ត្រូវបានតែងតាំងជា ប្រធានាធិបតីស្តីទី កាលពី១សប្តាហ៍មុន ក្រោយអតីតក្រុមឧទ្ទាម HTS របស់លោក បានដឹកនាំប្រតិបត្តិការវាយលុកលឿនដូចផ្លេកបន្ទោរ ដែលបានផ្តួលរំលំរដ្ឋាភិបាល របស់អតីតប្រធានាធិបតី ដែលកាន់​អំណាចយូរអង្វែង គឺលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤។ ក្រោយក្លាយជាមេដឹកនាំស៉ីរី លោក al-Sharaa បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងតួកគី ហើយបានទទួលស្វាគមន៍ ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ មកពី​តំបន់ផ្សេងៗ រួមទាំងសហភាពអឺរ៉ុប៕