Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរព្រែកជីកប៉ាណាម៉ា បដិសេធថា គ្មានការផ្លាស់ប្តូរអ្វីឡើយចំពោះថ្លៃសេវាឆ្លងកាត់ ក្រោយការអះអាងរបស់អាមេរិក (Video inside)

06-02-2025 13:26

(ប៉ាណាម៉ា)៖ អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមិនបានធ្វើការកែសម្រួលណាមួយឡើយ ចំពោះថ្លៃសេវាឬសិទ្ធិ សម្រាប់ឆ្លងកាត់ព្រែកជីកនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានអះអាងថា នាវារបស់រដ្ឋាភិបាលអាមេរិក អាចបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយលែងចាំបាច់ត្រូវបង់ថ្លៃសេវា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

អាជ្ញាធរព្រែកជីកប៉ាណាម៉ា បាននិយាយយ៉ាងដូច្នេះថា «ប្រកបដោយការទទួលខុសត្រូវយ៉ាងពេញលេញ អាជ្ញាធរព្រែកជីកប៉ាណាម៉ា ដូចដែលខ្លួនបានបង្ហាញចេញកន្លងមក គឺមានឆន្ទៈបង្កើតកិច្ចសន្ទនាជាមួយ អាជ្ញាធរពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹង​ការធ្វើដំណើរឆ្លងកាត់ របស់នាវាដែលមកពីអាមេរិក»។ ការចេញមុខបញ្ជាក់បែបនេះ កើតមានឡើង បន្ទាប់ពីក្រសួងការបរទេសអាមេរិក បានបង្ហោះសារអះអាងថា រដ្ឋាភិបាលប៉ាណាម៉ា បានយល់ព្រមលែងគិតថ្លៃសេវា លើនាវារបស់រដ្ឋាភិបាលអាមេរិក ដែលធ្វើដំណើរឆ្លងកាត់ ព្រែកជីកប៉ាណាម៉ា តទៀតហើយ។

គួរបញ្ជាក់ថា ការប្រកាសរបស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នាឱកាសធ្វើទស្សនកិច្ចទៅកាន់ប៉ាណាម៉ា។ ប៉ាណាម៉ា បានក្លាយជាផ្ទាំងស៊ីបមួយរបស់រដ្ឋបាលលោក ត្រាំ ខណៈលោកប្រធានាធិបតី ត្រាំ បានចោទ ប្រទេសក្នុងតំបន់អាមេរិកកណ្ដាលមួយនេះថា បានយកថ្លៃសេវាជ្រុលហួសហេតុ ពីនាវារបស់សហរដ្ឋអាមេរិក ដែលធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ លើសពីនេះទៅទៀត លោក ត្រាំ ក៏បានចោទផងដែរថាចិនកំពុងគ្រប់គ្រងលើព្រែកជីកនេះ ហើយថានឹងដណ្ដើមយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ប្រសិនបើរដ្ឋាភិបាលប៉ាណាម៉ា មិនចាត់វិធានការដោះស្រាយបញ្ហាដែលលោកបានលើកឡើងទេនោះ៕