(កាលីហ្វញ៉ា)៖ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានប្រកាសជាផ្លូវការថា បេសកកម្មរុករកភពអង្គារ ឆ្នាំ២០១៦ នៅតែបន្តកិច្ចសិក្សាស្រាវជ្រាវដដែល បើទោះបីជាយានរុករកភពអង្គារ «ExoMars Rover» នៅមិនទាន់មានតំរុយមកវិញនៅឡើយ តែបើតាមការវិភាគវាទំនងជាខូចខាតផ្នែកខ្លះៗនៅអំឡុងពេល នៃការព្យាយាមចុះចតលើផ្ទៃភពអង្គារកាលពីថ្ងៃទី២១ ខែតុលា ម្សិលមិញ។ នេះបើយោងតាម ប្រភពព័ត៌មានវិទ្យាសាស្រ្ត Space ចេញផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី ២២ ខែតុលា ឆ្នាំ ២០១៦។
ភ្នាក់ងារអវកាសអឺរ៉ុប ESA បានបង្ហាញឲ្យឃើញថា យានអវកាសរុករកភពអង្គារ ExoMars ឬយាន Schiaparelli ហាក់បីដូចជាត្រូវរងការខូចខាតដោយ ការបាញ់កាំរស្មីដើម្បីគ្រលាស់ឆ័ត្រយោង លឿនខ្លាំងពេកនៅក្នុងស្រទាប់បរិយាកាសរបស់ភពអង្គារ ខណៈពេលត្រៀមចុះចតនៅលើផ្ទៃដី នៃភពដែលសំបូរដោយព្យុះធូលីនោះ។
ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តក៏បានអះអាងថាយានអវកាស ExoMars មិនត្រូវបានរងខូចខាតទាំងស្រុងនោះឡើយ ដោយផ្នែកទី២នៃយានអាចនៅល្អធម្មតា ដែលនេះគឺជាក្តីសង្ឈឹមមួយ ក្នុងការបន្តបេសកកម្មសិក្សាស្រាវជ្រាវភពអង្គារ ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។
គួរបញ្ជាក់ដែរថា យានរុករក ExoMars Rover ត្រូវបានបង្ហោះឡើងនៅក្នុងលំហអាកាសកាលពីខែមិនា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ដោយវាបានធ្វើដំណើរអស់រយៈពេល៧ ខែនៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយក៏បានដំណើរឆ្ពោះទៅដល់ផ្ទៃដីរបស់ភពអង្គារកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបំពេញបេសកកម្មសិក្សាស្រាវជ្រាវ អំពីបរិយាកាសរបស់ភព៕