(អូតាវ៉ា)៖ ប៉ូលិសកាណាដា បានឱ្យដឹងថា មនុស្សម្នាក់ស្លាប់ និង ១៥នាក់មកពីសហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីព្យាយាមចូលមកប្រទេសកាណាដា នៅក្នុងឧប្បត្តិហេតុផ្សេងៗគ្នា នារយៈពេល ៣សប្តាហ៍កន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥។
ក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ ជំនួយការនៃទីភ្នាក់ងារប៉ូលិស RCMP របស់កាណាដា លោកស្រី Lisa Moreland បាននិយាយថា អ្នកទាំងនោះមានសញ្ជាតិខុសៗគ្នា ហើយមិនបានត្រៀមខ្លួនសម្រាប់រដូវរងាខ្លាំង នៅកាណាដានោះទេ។ ពួកគេក៏មិនមានសារធាតុញៀន fentanyl ជាប់ខ្លួនដែរ។ យ៉ាងនេះក្តី ព័ត៌មានលម្អិតរបស់ពួកគេមិនត្រូវបានបញ្ចេញឡើយ ដោយសារតែច្បាប់ឯកជនភាព។ លោកស្រី Moreland បញ្ជាក់ទៀតថា «RCMP កំពុងព្យាយាមធ្វើឱ្យប្រាកដថា យើងមានបច្ចេកវិទ្យា និងធនធានគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងព្រំដែនឱ្យមានសុវត្ថិភាព»។
គួរបញ្ជាក់ថា នេះជាកិច្ចខិតខំប្រឹងប្រែងធានាសន្តិសុខព្រំដែនរបស់កាណាដា ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងទាមទារ និងនៅបន្ទាប់ពីការផ្អាកដាក់ពន្ធ។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានធានាជាមួយលោក ត្រាំ ថានឹងដាក់ពង្រាយបុគ្គលិក ក៏ដូចជាបំពាក់បច្ចេកវិទ្យានៅតាមព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរៀបចំទុក ការរត់ពន្ធសារធាតុញៀន fentanyl និងការលាងលុយកខ្វក់៕