(វ៉ាស៉ីនតោន)៖ ប៉ូលិស បានឱ្យដឹងនៅថ្ងៃពុធ ទី៣ ខែកុម្ភៈថា ករណីបាញ់ប្រហារដ៏សាហាវនៅរដ្ឋ Ohio សហរដ្ឋអាមេរិក ធ្វើឱ្យមនុស្សម្នាក់ស្លាប់ និង ៥នាក់ទៀតរងរបួស រីឯជនសង្ស័យកំពុងរត់គេចខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥។

មេប៉ូលិសក្រុង លោក Greg Jones បានឱ្យដឹងថា ករណីនេះកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅឯឃ្លាំងស្តុកគ្រឿងសម្អាងមួយ ក្នុងទីក្រុង New Albany របស់រដ្ឋ Ohio បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ហើយអ្នករបួស ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោក Jones បានប្រាប់អ្នកយកព័ត៌មានថា «យើងជឿជាក់ថា ជនសង្ស័យទំនងជាស្គាល់ទីតាំងនេះ។ គ្មានហេតុផលអ្វីត្រូវគំរាមកំហែងជាទូទៅទេ។ វា​ហាក់​ដូច​ជា​ការ​វាយ​ប្រហារ​ ដែល​ដាក់​គោលដៅ​ទុក»។ លោក​បន្ថែម​ថា​ ប៉ូលិស​បាន​ជម្លៀស​មនុស្ស​ប្រហែល ១៥០នាក់ ហើយ​កាំភ្លើងមួយដើម​​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង។ ពេលនេះអាជ្ញាធរកំពុងតាមចាប់ជនសង្ស័យ។

គួរបញ្ជាក់ថា ករណីបាញ់ប្រហារតែងកើតមានគ្រប់កន្លែង នៅក្នុងសហរដ្ឋអាមេរិក ជាទីដែលកាំភ្លើងមានចំនួនច្រើនជាងមនុស្ស។ ចាត់តាំងពីថ្ងៃទី១ ខែមករាមក មានការបាញ់ប្រហារទ្រង់ទ្រាយធំ ២៦លើក ដែលត្រូវបានកំណត់ថា ជាការបាញ់ប្រហារធ្វើឱ្យជនរងគ្រោះ យ៉ាងហោចណាស់ ៤នាក់ស្លាប់ ឬរបួស នៅទូទាំងប្រទេស៕