(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់ទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យបញ្ចៀសទង្វើបោសសម្អាតជាតិសាសន៍នៅក្នុង តំបន់ហ្កាហ្សា បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះប្រកាសចង់ឱ្យសហរដ្ឋអាមេរិកធ្វើជាកម្ចាស់កម្មសិទ្ធិតំបន់ហ្កាហ្សា និងស្នើឱ្យប្រជាជនប៉ាឡេស្ទីនទាំងអស់ចាកចេញពីតំបន់នេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់កិច្ចប្រជុំរបស់គណៈកម្មាធិការមួយរបស់ UN កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈដោយមិនបានលើកឈ្មោះលោក ត្រាំ ឬសំណើគ្រប់គ្រងតំបន់ហ្កាហ្សារបស់លោក ត្រាំ ចំៗ លោក Guterres បានគូសបញ្ជាក់ថា «នៅក្នុងការស្វែងរកដំណោះស្រាយ យើងមិនត្រូវធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនោះទេ ហើយត្រូវគោរពតាមច្បាប់អន្តរជាតិ និងបញ្ចៀសរាល់ទង្វើបោសសម្អាតជាតិសាសន៍ គ្រប់ទម្រង់ទាំងអស់»។ បើតាមប្រមុខ UN ការដោះស្រាយបញ្ហារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែធ្វើឡើងតាមរយៈដំណោះស្រាយរដ្ឋ២។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈបាននិយាយអំឡុងសនិ្នសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សា នៅបន្ទាប់ពីប្រជាជនប៉ាឡេស្ទីន ត្រូវបានជម្លៀស ឬផ្ទេរចេញទៅកាន់បណ្ដាប្រទេសក្បែរខាង។ តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវ លើការបោសសម្អាតគ្រាប់មីន អាវុធ រួមទាំងអគារដែលត្រូវបានបំផ្លាញ ហើយនឹងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ ដើម្បីប្រែក្លាយហ្កាហ្សាឱ្យក្លាយទៅជាទីក្រុងមាត់សមុទ្រមួយ។
ប៉ុន្តែ បណ្ដាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកមួយចំនួនបានរិះគន់ និងបង្ហាញជំហរប្រឆាំងជំទាស់នឹងផែនការរបស់លោក ត្រាំ ដោយពួកគេគាំទ្រដល់ ដំណោះស្រាយរដ្ឋ២ រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន៕