Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ ស្នើឱ្យអាមេរិកគ្រប់គ្រងអ៊ីស្រាអែល ជាថ្នូរនឹងកិច្ចចរចានុយក្លេអ៊ែរ (Video inside)

05-02-2025 21:07

(តេអេរ៉ង់)៖ អ៊ីរ៉ង់បានបង្ហាញពីការបើកចំហចំពោះការចរចាជាមួយរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានដាក់លក្ខខណ្ឌមួយ គឺសហរដ្ឋអាមេរិកត្រូវតែគ្រប់គ្រងអ៊ីស្រាអែល។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ដែលបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Reuters កាលពីថ្ងៃពុធ បន្ទាប់ពីអលោក ដូណាល់ ត្រាំ បានបង្ហាញពី យុទ្ធនាការ «សម្ពាធអតិបរមា» ឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់។

មន្ត្រីរូបនោះបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់មិនយល់ស្របចំពោះ «ការផ្លាស់ទីលំនៅរបស់ ជនជាតិហ្គាហ្សាណាមួយឡើយ» ប៉ុន្តែបានអះអាងថា កិច្ចចរចារវាងអ៊ីរ៉ង់និង សហរដ្ឋអាមេរិកគឺជា «បញ្ហាដាច់ដោយឡែក»។

ប្រភពដដែលបានលើកឡើងថា ទីក្រុងតេអេរ៉ង់ចង់ឱ្យសហរដ្ឋអាមេរិក «គ្រប់គ្រង អ៊ីស្រាអែល» ប្រសិនបើអាមេរិកចង់សម្រេចបានកិច្ចព្រមព្រៀង ជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi ធ្លាប់បានលើកឡើងមុននេះថា ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជារឿងដែលអាចដោះស្រាយបានយ៉ាងងាយ ព្រោះវាមិនមែនជាបញ្ហាស្មុគស្មាញនោះទេ ដោយសារទីក្រុងតេអេរ៉ង់ ក៏ប្រឆាំងនឹងអាវុធប្រល័យលោកដែរ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្តារឡើងវិញ នូវយុទ្ធសាស្រ្តដាក់សម្ពាធសេដ្ឋកិច្ចជាអតិបរមា ប្រឆាំងទៅលើប្រទេសអ៉ីរ៉ង់ ក្នុងគោលដៅជំរុញឱ្យការនាំចេញប្រេងរបស់អ៉ីរ៉ង់ ធ្លាក់ដល់កម្រិតសូន្យ ដើម្បីរារាំងកុំឱ្យប្រទេសនេះ មានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរ៕