(ប៉េកាំង)៖ កាលពីថ្ងៃទី ១ ខែកុម្ភៈ សហរដ្ឋអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយបន្ថែម ១០% លើទំនិញចិនដែលនាំចេញ ទៅកាន់សហរដ្ឋអាមេរិក ក្រោមហេតុផល នៃសារធាតុហ្វេនតានីលនិងបញ្ហាផ្សេងៗទៀត។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងកាលពីថ្ងៃទី៤ ខែកុម្ភៈថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញចិន ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលមានចរិតអាក្រក់ និងជាការអនុវត្តឯកតោភាគីនិយម និងការការពារនិយមផ្នែកពាណិជ្ជកម្ម ។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ប្រទេសចិនបានដាក់បណ្តឹង អំពីវិធានការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ទៅកាន់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក។
ជាមួយគ្នានេះ គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី៤ខែកុម្ភៈថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈឡើងទៅ ប្រទេសចិន នឹងដំឡើងពន្ធគយលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីសហរដ្ឋអាមេរិក ក្នុងនោះនឹងដំឡើងពន្ធគយចំនួន ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ ដំឡើងពន្ធគយចំនួន ១០% លើប្រេងឆៅ គ្រឿងចក្រកសិកម្ម រថយន្តបំពាក់ម៉ាស៊ីនចំណុះធំ និងរថយន្ត pick up។ រដ្ឋបាលជាតិនិយតករទីផ្សារចិន បានចាប់ផ្តើមធ្វើការស៊ើបអង្កេត ស្តីពីការប្រឆាំងការផ្តាច់មុខ ចំពោះក្រុមហ៊ុន Google ស្របតាមច្បាប់៕
វិទ្យុមិត្តភាពកម្ពុជាចិន