(កាមេរូន)៖ រថភ្លើងដឹកអ្នកដំណើរមួយខ្សែ ដែលមានគោលដៅពីទីក្រុងYoaunde ទៅកាន់ទីក្រុង Douala នៃប្រទេសកាមេរូន បានក្រឡាច់ធ្លាក់ចេញពីផ្លូវនៅវេលាម៉ោងប្រហែល ១២៖០០នាទីរសៀល (ម៉ោងនៅក្នុងប្រទេសកាមេរូន) និងបណ្តាលឲ្យមនុស្សចំនួន ៥៣នាក់ស្លាប់ និងប្រមាណ ៣០០នាក់ផ្សេងទៀតទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។
វិទ្យុរដ្ឋ CRTV បានរាយការណ៍ថា រថភ្លើងខាងលើបានក្រឡាច់ចេញពីផ្លូវនៅឯស្ថានីយ៍រថភ្លើង Eseka ក្នុងតំបន់ភាគកណ្តាលប្រទេសដែលស្ថិតនៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីទីក្រុង Yaounde។ សាក្សីដែលស្នាក់នៅក្បែរនឹងស្ថានីយ៍រថភ្លើងបានឲ្យដឹងថា រថភ្លើងខាងបានធ្លាក់ចេញពីផ្លូវ ខណៈពេលដែលវាបានមកដល់ស្ថានីយ៍ Eseka ហើយគេបានអះអាងថា ចំនួនអ្នករងគ្រោះពិតជាច្រើនគួរឲ្យរន្ធត់ខ្លាំងណាស់។
យោងតាមការរាយការណ៍របស់វិទ្យុ CRTV បានឲ្យដឹងទៀតថា សាកសពជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅកន្លែងរក្សារទុកសាកសព នៃមន្ទីរពេទ្យ Eseka ខណៈអ្នកដែលបានទទួលរងបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានា នៅក្នុងទីក្រុង Puma, Lolodorf, និង Douala ហើយក្នុងចំណោមអ្នករបួសទាំងអស់នោះ មានមនុស្សមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង ដែលអាចនឹងធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ដែរថា គ្រោះថ្នាក់ធ្លាក់រថភ្លើងចេញពីផ្លូវនេះគឺជារឿងធំមួយផ្សេងទៀតនៅ ប្រទេសកាមេរូន ដោយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៩ រថភ្លើងមួយខ្សែបានក្រឡាច់ចេញពីផ្លូវ ហើយបានសម្លាប់មនុស្សប្រាំនាក់ និងបង្កឲ្យមនុស្ស ២៧៥នាក់ទៀតរងរបួស៕