លោកស្រី គ្លីនតុន៖ លទ្ធិប្រជាធិបតេយ្យរាប់សតវត្សរ៍របស់អាមេរិក កំពុងតែត្រូវបានគំរាមកំហែង ដោយលោក ដូណាល់ ត្រាំ ដែលប្រព្រឹត្តខ្លួនដូចមេដឹកនាំផ្តាច់ការ
22-10-2016 10:54
(វ៉ាស៊ីនតោន)៖ លោកស្រី ហ៊ីលឡារី គ្លីនតុន បានចោទលោក ដូណាល់ ត្រាំ ថាកំពុងគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកដែលមានអាយុកាលជាង២០០ឆ្នាំ ដោយលោក មិនព្រមបញ្ជាក់ថាលោកនឹងគោរពតាមលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ហើយលោកស្រី គ្លីនតុន បានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ កំពុងតែប្រព្រឹត្តខ្លួនដូចទៅនឹងមេដឹកនាំ ផ្តាច់ការមួយរូបអ៊ីចឹង។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Politico នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងវេទិកាតស៊ូមតិនៅថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានធ្វើឲ្យបណ្តាអ្នកគាំទ្រទាំង គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបាត់បង់ទំនុកចិត្តជាខ្លាំង នៅពេលដែលលោក បានបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះឡើយ ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាអ្នកទទួលបានជ័យជម្នះ នៅថ្ងៃទី០៨ ខែវិច្ឆិកា។
ថ្លែងទៅកាន់មនុស្សប្រមាណជា ១,៦០០នាក់ នៅក្នុងមហាវិទ្យាល័យ Cuyahoga លោកស្រីបានលើកឡើងថា «កុំយល់ច្រឡំឲ្យសោះដោយការធ្វើបែបនេះ លោក ដូណាល់ ត្រាំ កំពុងតែបង្កការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់ពួកយើងហើយ»។ លោកស្រីបានបន្តថា «ខ្ញុំធ្លាប់ចាញ់ឆ្នោតម្តងរួចទៅហើយ ហើយវាច្បាស់ជាមានអារម្មណ៍មិនសូវល្អនោះទេ ដែលត្រូវឆ្លងកាត់ ការបោះឆ្នោតម្តងទៀត ប៉ុន្តែយើងទាំងអស់គ្នាដឹងច្បាស់អំពីភាពខុសគ្នារវាងភាពជាអ្នកដឹកនាំ និងរបបផ្តាច់ការ»។
ជាចុងក្រោយលោកស្រី ហ៊ីលឡារី គ្លីនតុន បានបន្ថែមថា «ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី គឺជាចំណុចល្អមួយដែលធ្វើឲ្យពួកយើងខុសពីអ្នកដ៏ទៃ។ វាគឺជារបៀបដែលយើងរួមសាមគ្គីគ្នា នៅក្នុងប្រទេសទោះបីជានរណាជាអ្នកដឹកនាំក៏ដោយ»៕