(មូស្គូ)៖ មនុស្សចំនួន ២១នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សបីនាក់ផ្សេងទៀតត្រូវបានគេ ជួយសង្រ្គោះជីវិតទាន់ពេលនៅក្រោយពេលឧទ្ធម្ភាគចក្រធុន MI-8 មួយគ្រឿង បានធ្លាក់នៅក្នុងតំបន់ ភ្នំព្រិលទឹកកក Siberia ភាគខាងកើតនៃប្រទេសរុស្ស៊ី ដោយសារតែអាកាសធាតុមិនល្អ។ នេះបើតាម ការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។
ឧទ្ធម្ភាគចក្រខាងលើ គឺជាប្រភេទឧទ្ធម្ភាគចក្រដឹកជញ្ជូនដែលផ្ទុកអ្នកដំណើរចំនួន២២នាក់ និងសហសេវិកចំនួនបីនាក់នៅលើនោះ ហើយខណៈពេលកំពុងធ្វើដំណើរពីតំបន់ Kransnoyarsk ទៅកាន់តំបន់Urengoy ក៏ស្រាប់តែបានធ្លាក់បុកដី នៅចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគពាយ័ព្យ ពីតំបន់ Urengoy។ នៅក្រោយការធ្លាក់ មនុស្សចំនួន ២១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯមនុស្សម្នាក់ក្នុងចំណោមបីនាក់ ដែលបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ តែនៅរស់រានមានជីវិត បានប្រើទូរស័ព្ទដៃរបស់គេដើម្បីហៅទៅកាន់ទីភ្នាក់ងារសង្រ្គោះបន្ទាន់។
ជាមួយគ្នានេះដែរ ប្រអប់ខ្មៅទាំងពីរប្រអប់របស់ឧទ្ធម្ភាគចក្រដែលបានធ្លាក់នេះ ក៏ត្រូវបានគេរកឃើញផងដែរ ហើយបន្ទាប់ពីបានឆ្លងកាត់នីតិវិធីនៃការស៊ើបអង្កេតត្រឹមត្រូវនោះ ប្រអប់ខ្មៅទាំងពីរនេះ នឹងត្រូវបញ្ជូនទៅឲ្យអ្នកជំនាញដោះលេខកូដសម្ងាត់ ដើម្បីស្វែងរកមូលហេតុដែលបានបង្កជាសោកនាដកម្មមួយនេះ៕