(សេអ៊ូល)៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Air Busan នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរ យកឧបករណ៍សាកថ្មទូរស័ព្ទ Power banks ក្នុងកាបូបយួរតាមខ្លួន ទៅដាក់នៅក្នុងកន្លែងទុកឥវ៉ាន់ផ្នែកខាងលើកៅអីអង្គុយ (luggage bins) នៃយន្តហោះទៀតហើយ បន្ទាប់ពីមានបញ្ហាឆាបឆេះយន្តហោះមួយគ្រឿង កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥។
អគ្គិភ័យបានកើតឡើង កាលពីថ្ងៃទី២៨ ខែមករា នៅលើជើងហោះហើរ Air Busan ខណៈកំពុងរៀបចំចេញដំណើរទៅកាន់ទីក្រុងហុងកុង។ សំណាងល្អអ្នកបម្រើការលើយន្តហោះ រកឃើញ Power bank ឆេះនៅក្នុង luggage bins នៅកន្ទុយយន្តហោះ ហើយអ្នកជិះទាំងអស់ត្រូវបានជម្លៀសដោយសុវត្ថិភាព។ តាមក្រុមអ្នកជំនាញ ការស៉ើបអង្កេតមួយដឹកនាំដោយអាជ្ញាធរកូរ៉េខាងត្បូង កំពុងដំណើរការ ប៉ុន្តែមិនទាន់រកឃើញមូលហេតុច្បាស់លាស់ទេ។
វិធានការថ្មីដែលដាក់ចេញកាលពីថ្ងៃអង្គារ នឹងតម្រូវឱ្យអ្នកដំណើរទុក Power bank ជាប់នឹងខ្លួនវិញ ដូច្នេះប្រសិនបើមានបញ្ហាក្តៅឬឆេះ គេអាចដឹងនិងដោះស្រាយបានភ្លាមៗ។ វានឹងចាប់ផ្តើមអនុវត្តពីថ្ងៃសុក្រនេះតទៅ នៅលើផ្លូវសាកល្បង មុនពេលពង្រីកទៅគ្រប់ជើងហោះហើរឡើងវិញ។ Air Busan បានឱ្យដឹងទៀតថា វិធានការនេះនឹងរួមបញ្ចូលផងដែរ នូវការហ្វឹកហ្វឺនពន្លត់អគ្គីភ័យ និងបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យនៅលើយន្តហោះ ដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់៕