(ថៃ)៖ ច្បាប់ប្រឆាំងការប្រមាថចេស្តាព្រះរាជា ជាច្បាប់ដែលត្រូវបានអនុម័តដោយព្រះរាជាទាំងអស់លើពិភពលោក ប៉ុន្តែសម្រាប់ប្រទេសថៃ ច្បាប់នេះមានលក្ខណៈរឹតបន្តឹងជាងគេបន្តិច។ វាបានចែងពីការផ្តន្ទាទោសចំពោះបទបរិហាកេរ្តិ៍ ឬប្រមាថមើលងាយស្តេច។

អតីតព្រះមហាក្សត្រថៃព្រះអង្គម្ចាស់ Bhumibol Adulyadej ធ្លាប់បានលើកឡើងកាលពីឆ្នាំ២០០៥ កន្លងទៅនេះថា «បើគិតថាស្ដេចមិនអាចធ្វើអ្វីខុសនោះ វាហាក់ដូចជាមើលងាយស្តេច ពួកគេបានចាត់ទុកថាស្តេចមិនមែនជាមនុស្ស ព្រោះធម្មតាកើតជាមនុស្សចាំបាច់ត្រូវតែខុស»។ យ៉ាងនេះក្តី បទឧក្រិដ្ឋនេះនៅតែមិនអាចបញ្ឈប់បានឡើយ ។ ក្នុងឆ្នាំ២០១០ កន្លងទៅនេះ ការប្រមាថស្តេចថៃ មានរហូតដល់ប្រមាណ ៤០០ករណី នេះបើយោងតាមរបាយការណ៍របស់ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្ស។

* តើច្បាប់នេះមានប្រភពមកពីណា?

ច្បាប់ប្រឆាំងការប្រមាថស្តេច (Lese majeste) មានប្រភពមកពី ពាក្យឡាតាំង «laesa maiestas» ដែលស្មើនឹងពាក្យជាភាសាអង់គ្លេសថា «Injured Majesty»។ បទឧក្រិដ្ឋនេះហាក់បង្ហាញការវិលត្រឡប់ទៅរកសម័យរ៉ូមបុរាណ ដែលបានរឹតបន្តឹងជាខ្លាំងនៅក្នុងសម័យអធិរាជ Tiberius ក្នុងអំឡុងឆ្នាំ១៤ ដល់ឆ្នាំ៣៧ នៃគ្រិស្តសករាជ។ បច្ចុប្បន្នច្បាប់នេះកំពុងតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយប្រទេសថៃ ។ រហូតមកទល់ពេលនេះ ប្រទេសមួយចំនួនដូចជា ហូឡង់ ន័រវេស និងហ្ស៊កដានី នៅតែបន្តប្រើប្រាស់ច្បាប់ប្រឆាំងការប្រមាថព្រះរាជានេះនៅឡើយ ។

ច្បាប់ប្រឆាំងការប្រមាថព្រះរាជា ត្រូវបានដាក់បញ្ជូលក្នុងច្បាប់ឧក្រិដ្ឋរបស់ថៃ តាំងពីឆ្នាំ១៩០៨ មកម្ល៉េះ ហើយត្រូវបានពង្រីកឥទ្ធិពលកាន់តែខ្លាំង បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារក្នុងឆ្នាំ១៩៧៦ ដោយចាត់ទុកថាការប្រមាថ ឬគំរាមស្តេច និងរាជវង្សានុវង្ស ជារឿងខុសច្បាប់ នេះបើយោងតាមការលើកឡើងរបស់លោក David Strechfuss ដែលជាអ្នកនិពន្ធសៀវភៅ «Truth on Trial In Thailand»។ ចំនួននៃករណីបទឧក្រិដ្ឋនេះ ចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ២០០៥ ហើយឡើងខ្ពស់បំផុតក្នុងទសវត្សរ៍ឆ្នាំ២០១០ កន្លងទៅនេះ។

*តើច្បាប់នេះដាក់ទោសមនុស្សដោយរបៀបណា?

បុគ្គលដែលត្រូវបានរកឃើញថា មានទោសពីបទប្រមាថស្តេច អាចត្រូវជាប់ពន្ធធនាគារពី ៣ ទៅ១៥ឆ្នាំ សម្រាប់ករណីនីមួយៗ ដោយក្នុងនោះមានអ្នកខ្លះ ត្រូវបានជាប់ពន្ធធនាគាររហូតដល់រយៈពេល ៦០ឆ្នាំក៏មាន។ ចាប់តាំងពីឆ្នាំ២០០៧មក ការការពារស្តេច ត្រូវបានដាក់បន្ថែមក្នុងប្រការ៨ នៃរដ្ឋធម្មនុញ្ញ ដោយបានចែងថា «គ្រប់ព្រះរាជាទាំងអស់ គួរតែត្រូវបានគោរព និងលើកតម្កើនយ៉ាងខ្ពង់ខ្ពស់ ដោយមិនគួរត្រូវបានបំពានឡើយ។ គ្មានអ្នកណាម្នាក់អាចចោទប្រកាន់ព្រះរាជាឡើយ»

នាយរដ្ឋមន្ត្រីថៃ លោក Prayuth Chan-Ocha បានបង្ហាញការការពារព្រះរាជា ដោយចាត់ទុកថា ច្បាប់ប្រឆាំងការប្រមាថស្តេច ត្រូវការជាចាំបាច់ជាក់ស្តែងក្នុងឆ្នាំ២០១៤ កន្លងទៅនេះ លោកបានលើកឡើងថា «ចេស្តារបស់ព្រះរាជាគ្មានដែនកំណត់ ហើយអាចពន្យល់បានឡើយ»។ រដ្ឋមន្ត្រីការបរទេសថៃ លោក Sek Wannamethee បានសរសេរក្នុងអត្ថបទមួយក្នុងដើមឆ្នាំ២០១៦ នេះថា «ការពិតទៅច្បាប់នេះមិនមានបំណង ទប់ស្កាត់សិទ្ធិសេរីភាពរបស់អ្នកណាម្នាក់ ក្នុងការបញ្ចេញយោបល់ដូចជាកិច្ចពិភាក្សាពីច្បាប់ព្រះរាជានោះទេ»

* តើច្បាប់នេះត្រូវបានប្រើប្រាស់ដោយរបៀបណា?

បើទោះបីជាច្បាប់នេះត្រូវបានអនុវត្តជាយូរមកហើយក្តី ប៉ុន្តែអត្ថន័យនៃច្បាប់ប្រឆាំងការប្រមាថស្តេច មិនទាន់មានភាពច្បាស់លាស់នៅឡើយ។ លោក Streckfuss បានបញ្ជាក់ថា «ភាពខ្លាំងរបស់ច្បាប់នេះ គឺយើងមិនអាចដឹងពីដែនកំណត់ដ៏ធំធេងរបស់វាបាន ដែលវាជាអំណាចរបស់ច្បាប់នេះ»

គួររំលឹកថា កាលពីឆ្នាំមុន ប៉ូលិសបានបើកការស៊ើបអង្កេតទៅលើលោក Glyn Davies អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា លោកអាចមានការបំពានច្បាប់នេះ ក្នុងអំឡុងនៃការថ្លែងសុន្ទរកថា នៅក្លឹបអ្នកឆ្លើយឆ្លងសារព័ត៌មានថៃ។ តែដោយលោក Davies មានអភ័យឯកសិទ្ធិពីច្បាប់អន្តរជាតិ ហេតុនេះលោកមិនត្រូវបានជាប់ចោទឡើយ។

ប្រជាជនថៃមួយក្រុម ឈរលើកបដានៅមុខស្ថានទូតអាមេរិក ប្រចាំប្រទេសថៃ ឲ្យដកលោក Glyn Davies ចេញ

ក្នុងពេលថ្មីៗនេះ ក្នុងពាក្យបណ្តឹងដ៏ធ្ងន់ធ្ងរមួយទៅលើលោក Thanakorn Siripaiboon ដែលមានវ័យ ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ Like លើ Facebook Page ដែលមានការប្រមាថស្តេច ព្រមទាំងបានបង្ហោះរូបភាពចំអកទៅលើសត្វឆ្កែ ដែលព្រះអង្គម្ចាស់ភូមិប៊ុលស្រឡាញ់។ មេធាវីរបស់លោក Thanakorn បានប្រាប់សារព័ត៌មាន CNN ថា កូនក្តីរបស់លោក ត្រូវបានចោទប្រកាន់ ហើយកំពុងរងចាំការកាត់ក្តី។ លោកអាចប្រឈមមុខនឹងការជាប់ពន្ធធនាគាររយៈពេល ៣៧ឆ្នាំ។ ដោយឡែកក្នុងរឿងក្តីមួយទៀត កាលពីឆ្នាំ២០១២ កន្លងទៅនេះ លោក Ekachai Hongkangwan ដែលមានវ័យ ៣៧ឆ្នាំ ត្រូវបានដាក់ទោសក្នុងពន្ធធនាគាររយៈពេល ៣ឆ្នាំ ពីបទលក់ឯកសារថតចម្លងរបស់ជនជាតិអូស្ត្រាលី ដែលមានសរសេរពាក់ព័ន្ធរាជវង្សស្តេច។

លោក Ekachai Hongkangwan

*តើច្បាប់នេះផ្តល់ឥទ្ធិពលដោយរបៀបណា?

ដោយសារវិសាលភាពនៃច្បាប់នេះធំធេងពេក រហូតអាចបង្កភាពលំបាកក្នុងការលើកមកពិភាក្សា និងស្ទាបស្ទង់មតិ ពាក់ព័ន្ធនឹងបញ្ហាដ៏ពិតប្រាកដមួយជុំវិញញាតិវង្សស្តេច និងអ្នកស្នងរាជ្យ។ «ក្នុងនាមជាអ្នកការពារកិត្តិយសស្តេច សភាជាតិបានធ្វើការរឹតបន្តឹង និងបង្កើនភាពភ័យខ្លាចដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការប្រើប្រាស់ច្បាប់ការពារចេស្តាព្រះរាជា» នេះបើយោងតាមការលើកឡើងរបស់ក្រុមការពារសិទ្ធិមនុស្ស។

ស្ថាប័នសារព័ត៌មាន ជាពិសេសស្ថាប័នដែលមានមូលដ្ឋានក្នុងប្រទេសថៃ ត្រូវបានដាក់កម្រិតចំពោះអ្វីដែលខ្លួនធ្វើការរាយការណ៍ជុំវិញបញ្ហាព្រះរាជា មិនថាអ្នកធ្វើសេចក្តីរាយការណ៍ អ្នកកែសម្រួលអត្ថបទ ឬអ្នកបោះពុម្ភផ្សាយឡើយ ចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ យ៉ាងនេះក្តី ច្បាប់នេះបានបញ្ជាក់ថា សារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ ដោយដកស្រង់សំដីរបស់អ្នកណាម្នាក់ដែលប្រមាថស្តេច មិនត្រូវរងការចោទប្រកាន់ឡើយ៕