Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ថាអាចនឹងយល់ព្រមអង្គុយចរចាទល់មុខជាមួយលោក ពូទីន

05-02-2025 10:59

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកអាចនឹងយល់ព្រមជួបចរចាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បី បិទបញ្ចប់សង្រ្គាមដែលអូសបន្លាយពេលជិត ៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអង់គ្លេស លោក Piers Morgan ដែលត្រូវបានបង្ហោះលើ YouTube កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ។ នៅពេលត្រូវបានសាកសួរថាលោកគិតបែបណា ចំពោះការអង្គុយទល់មុខជាមួយលោក ពូទីន នៅឯតុចរចា លោក ហ្សេលេនស្គី បានឆ្លើយថា «ប្រសិនបើវាគឺជារៀបចំតែមួយគត់ ដែលអាចឱ្យយើងនាំនូវសន្តិភាពសម្រាប់ប្រជាជនអ៊ុយក្រែន និងមិនមានការបាត់បង់ធនធានមនុស្ស នោះយើងនឹងចូលរួមក្នុងការរៀបចំនេះ»។ លោក ហ្សេលេនស្គីបន្ថែមទៀតថាលោក នឹងចូលរួមក្នុងកិច្ចពិភាក្សាដែលមានភាគី៤ចូលរួម ដោយមិនបានបញ្ជាក់ថាតើមានភាគីណាខ្លះនោះទេ។

ប៉ុន្តែ លោក Morgan បានធ្វើការសន្និដ្ឋានថាភាគីទាំង៤នោះ អាចមានរុស្ស៉ី អ៊ុយក្រែន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក ពូទីន កាលពីសប្ដាហ៍មុនបាននិយាយថាទីក្រុងមូស្គូនឹងចូលរួមក្នុងកិច្ចចរចាជាមួយអ៊ុយក្រែន ប៉ុន្តែបានច្រានចោលការពិភាក្សាដោយផ្ទាល់ជាមួយលោក ហ្សេលេនស្គី៕