(គែរ)៖ អារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ បាននិយាយថាខ្លួននឹងមិនបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយអ៉ីស្រាអែល ដោយមិនមានការបង្កើតរដ្ឋប៉ាឡេស្ទីនមួយនោះទេ ហើយ នេះជាប្រតិកម្មមួយកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បាននិយាយថាអារ៉ាប៊ីសាអូឌីតមិនបានទាមទារឱ្យបង្កើតរដ្ឋប៉ាឡេស្ទីនជាលក្ខខណ្ឌភ្ជាប់ទំនាក់ទំនង ជាមួយអ៉ីស្រាអែលឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman បានបញ្ជាក់ឡើងវិញជាថ្មីថាគោលជំហររបស់អារ៉ាប៊ីសាអូឌីត មានភាពច្បាស់លាស់ និងប្រាកដប្រជា ដែលមិនអាចត្រូវបានយកទៅបកស្រាយក្នុងន័យផ្សេងបាននោះទេ។ តាមសេចក្ដីថ្លែងការណ៍នេះដដែល អារ៉ាប៊ីសាអូឌីតក៏បានច្រានចោលផងដែរ រាល់ការប៉ុនប៉ងបណ្ដេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីកំណើតរបស់ពួកគេ ហើយថាគោលជំហរចំពោះប្រជាជនប៉ាឡេស្ទីនគឺនឹងមិនមានការប្រែប្រួលឡើយ។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈជាមួយលោក ដូណាល់ ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាលោកមានការប្ដេជ្ញាចិត្តចំពោះសន្តិភាពរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ហើយលោកផ្ទាល់ជឿជាក់ថាលោកអាចនឹងសម្រេចបានគោលដៅនេះ។ សហរដ្ឋអាមេរិក បានដឹកនាំយុទ្ធនាការការទូតដើម្បីបញ្ចុះបញ្ចូលឱ្យអារ៉ាប៊ីសាអូឌីតភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល អស់រយៈពេលជាច្រើនខែ។ ប៉ុន្តែកិច្ចប្រឹងប្រែងនេះត្រូវបានរាយការណ៍ថា ជាប់គាំង ក្រោយក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាហេតុជំរុញឱ្យអ៉ីស្រាអែលធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សា៕