(កៃរ៉ូ)៖ ក្រុមហាម៉ាស់បានប្រកាសឱ្យដឹងនៅអង្គារនេះថា ការពិភាក្សាជុំវិញដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សាបានចាប់ផ្តើមហើយ ក្រោយដំណាក់កាលទីមួយ ដែលរួមមានការបញ្ឈប់ការប្រយុទ្ធ និងការដោះដូរចំណាប់ខ្មាំងនិងអ្នកទោស បានចូលជាធរមាន កាលពីថ្ងៃទី ១៩ ខែមករា។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រី ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណាក់កាលទីពីរនេះត្រូវបានរំពឹងថា នឹងផ្តោតលើការដោះលែងចំណាប់ខ្មាំងដែល នៅសេសសល់ និងការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា។

អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Abdel-Latif Al-Qanoua បានថ្លែងដោយមិនបាន ផ្តល់ព័ត៌មានលម្អិតបន្ថែមថា «ទំនាក់ទំនងនិងការចរចាលើដំណាក់កាលទីពីរបានចាប់ផ្តើមហើយ»។ ទន្ទឹមគ្នានេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បានថ្លែងមុននេះថា អ៊ីស្រាអែលកំពុងរៀបចំបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់រដ្ឋធានី Doha ប្រទេសកាតា ដើម្បីពិភាក្សាអំពីការអនុវត្តបន្តនៃកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថា ភាគីទាំងពីរនៅតែមានជំហរខុសគ្នាច្រើន ជុំវិញការអនុវត្តដំណាក់កាលទីមួយ។ ទោះជាយ៉ាង ការចរចាដំណាក់កាលទីពីរនេះ នឹងកំណត់ថាតើភាគីទាំងពីរពិតជាមានឆន្ទៈ ក្នុងការបញ្ចប់ជម្លោះ និងស្វែងរកសន្តិភាពយូរអង្វែង ឬយ៉ាងណា៕