(វ៉ាស៊ីនតោន)៖ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ទុះសង្រ្គាមពាក្យសម្ដីជាមួយមេដឹកនាំនៃប្រទេសកូឡុំប៊ី ពាក់ព័ន្ធនឹងបញ្ហាជនអន្តោប្រវេសន៍ ឯកអគ្គរដ្ឋទូតចិនប្រចាំកូឡុំប៊ី លោក Zhu Jingyang បានប្រកាសថា ទំនាក់ទំនងរវាងប៉េកាំង និងបូហ្គោតា កំពុងស្ថិតក្នុងពេលវេលាដ៏ល្អបំផុត ក្នុងពេលរាប់ទសវត្សរ៍មកនេះ។ លោក Zhu ក្រោយមកទៀតបាននិយាយថាវាជារឿងចៃដន្យ ដែលរូបលោកបង្ហោះការអត្ថាធិប្បាយរបស់លោកលើបណ្ដាញ ទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ មួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានព្រមានដំឡើងពន្ធគយលើកូឡុំប៊ី។ ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថាប៉េកាំងបានសម្លឹងឃើញឱកាសដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងយុគសម័យនៃ ការប្រកួតប្រជែងគ្នាជាមួយសហរដ្ឋអាមេរិក។

រយៈពេលជាង ២សប្ដាហ៍នៃការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ «គោលនយោបាយ​ America First ឬតម្កល់ផលប្រយោជន៍អាមេរិកមុនគេ» របស់លោក ត្រាំ បានផ្ដល់ឱ្យចិន ទាំងឱកាស និងគ្រោះថ្នាក់។ គ្រោះថ្នាក់ នោះគឺការដំឡើងពន្ធគយលើទំនិញនាំចូលពីចិន និងហានិភ័យនៃការផ្ទុះសង្រ្គាមពាណិជ្ជកម្មទ្រង់ទ្រាយធំ។ កាលពីថ្ងៃទី១ ខែកុម្ភៈ លោក ត្រាំ បានប្រកាសដំឡើងពន្ធបន្ថែម ១០ភាគរយលើទំនិញ នាំចូលពីចិន ដោយនិយាយថាការដំឡើងពន្ធនេះជាវិធានការឆ្លើយតបទៅនឹងបរាជ័យរបស់ចិនក្នុងការទប់ស្កាត់ការនាំចូលថ្នាំញៀន Fentanyl ចូលក្នុងសហរដ្ឋអាមេរិក។ លោក ត្រាំ ក៏បានគំរាម ផងដែរថាសហរដ្ឋអាមេរិកនឹង ដំឡើងពន្ធកាន់តែខ្ពស់ បើចិនហ៊ានតដៃ។ តែទោះជាប៉េកាំងបារម្ភពីផលប៉ះពាល់បង្កឡើងដោយការដំឡើងពន្ធរបស់លោក ត្រាំ លើសេដ្ឋកិច្ចចិនដែលកំពុងជួបបញ្ហាស្រាប់ក៏ដោយ តែវាប្រាកដណាស់ ចិននៅតែមើលឃើញ «លាភនៅក្នុងគ្រោះ»។

ពោលគឺជាមួយការប្រកាសដំឡើងពន្ធ លោក ត្រាំ បានធ្វើឱ្យទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដូចជាកាណាដា និងដៃគូដូចជាម៉ិកស៉ិកស្គាល់ភាពប្រេះឆានឹងគ្នា។ លោក ត្រាំ ថែមទាំងបានផ្អាកជំនួយបរទេសរបស់សហរដ្ឋអាមេរិក និងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO រួមទាំងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ ក្រុមអ្នកវិភាគបាននិយាយថាចិនអាចនឹងប្រើប្រាស់ឱកាសនេះដើម្បីកែប្រែពិភពលោកមួយតាមដែលខ្លួនចង់បាន។ ចិន ដែលតែងតែចោទថាសហរដ្ឋអាមេរិកបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបង្អាក់ការរះឡើងរបស់ខ្លួន បានព្យាយាមបំបែកបំបាក់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន តួយ៉ាងដូចជាសហភាពអឺរ៉ុប ជប៉ុន និងអូស្ត្រាលីជាដើម។ «ចិនដឹងយ៉ាងច្បាស់ពីការខូចខាតដែលបា​ន និងកំពុងបង្កឡើងដោយលោក ត្រាំ ចំពោះឥទ្ធិពល និងមុខមាត់របស់សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ ហើយជាការពិតណាស់ ការខូចខាតគឺលឿនជាង អ្វីដែលប៉េកាំងបានរំពឹងទុក»។ នេះជាការយល់ឃើញរបស់លោក Evan S. Medeiros ជាសាស្ត្រាចារ្យម្នាក់ស្ដីពីតំបន់អាស៊ី មកពីសាកលវិទ្យាល័យ Georgetown និងធ្លាប់ធ្វើជាទីប្រឹក្សាខាងកិច្ចការអាស៊ីរបស់ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។

លើសពីនេះទៅទៀត ការសម្លុតគំរាមរបស់លោក ត្រាំ ថានឹងដណ្ដើមគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងដែនដី Greenland រួមទាំងការដាក់កាណាដាស្ថិតក្រោមឧបសម្ព័ន្ធក្នុងនាមជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក អាចនឹង ក្លាយទៅជារឿងសាមញ្ញដែលនរណាៗក៏អាចធ្វើបានដែរ។ នៅត្រង់នេះប្រសិនបើលោក ត្រំា ប្រើកម្លាំងបាយដើម្បីគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ឬបង្ខំឱ្យដាណឺម៉ាកប្រគល់ Greenland ឱ្យសហរដ្ឋអាមេរិក នោះវាប្រៀបដូចជា ការបញ្ជូនសារមួយទៅកាន់ចិនថាប៉េកាំងក៏អាចធ្វើដូចគ្នានេះបានដែរ ដើម្បីគ្រប់គ្រងតៃវ៉ាន់ និងដែនទឹកមួយផ្នែកធំនៃតំបន់សមុទ្រចិនខាងត្បូង ដែលចិនអះអាងថាជាអធិបតេយ្យរបស់ខ្លួន។ លោក Henry Huiyao Wang ជាប្រធានមជ្ឈមណ្ឌលសម្រាប់ចិន និងសកលភាវូបនីយកម្ម មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង បានកត់សម្គាល់ថា «ចិន ពិតណាស់ នឹងមិនបោះបង់ចោលតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូងជាដាច់ខាត ប៉ុន្តែអ្វីដែលលោក ត្រាំ កំពុងធ្វើ វានឹងក្លាយជាការលើកទឹកចិត្តឱ្យចិនកាន់តែមានការតាំងចិត្តការពារផលប្រយោជន៍របស់ខ្លួន នៅទីនោះ»។ តាមអ្នកជំនាញរូបនេះដដែល ចិនត្រូវបានជំរុញលើកទឹកចិត្តរួចទៅហើយ ក្នុងរយៈពេល២សប្ដាហ៍ដំបូង នៃការឡើង កាន់អំណាចរបស់រដ្ឋបាលអាមេរិកថ្មី បើទោះជាលោក ត្រាំ ដំឡើងពន្ធ និងតែងតាំងអ្នកដែលមានទំនោរប្រឆាំងចិនធ្វើជាទីប្រឹក្សាដូចជារដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងលោក Micheal Waltz ជាទីប្រឹក្សាសន្តិសុខជាតិក៏ដោយ។

លោក ត្រាំ បានលើកឡើងជារឿយៗថារូបលោកចង់ចរចាស្វែងរកកិច្ចព្រមព្រៀង ហើយថាលោកអាចនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង។ លោក ត្រាំ ក៏ធ្លាប់បាននិយាយដែរថាចិនគួរតែជួយ បិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដោយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដែលជាអ្នកគាំទ្រសេដ្ឋកិច្ច និងសម្ភារៈដ៏ធំរបស់រុស្ស៉ី ដើម្បីដាក់សម្ពាធលើលោកប្រធានាធិបតី ពូទីន ឱ្យត្រឡប់មករកតុចរចា។ «លោក ត្រាំ ចង់ឱ្យ ចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ចិនជាដៃគូមួយស្ថិតក្នុងចំណោមដៃគូដ៏ល្អប្រសើរបំផុតដែលអាចជួយរូបលោកឱ្យសម្រេចគោលដៅនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Wang។ ប៉ុន្តែ ការប្រជែងផលប្រយោជន៍គ្នា ច្រើនផ្នែកពេករវាងចិន និងសហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការជួបការលំបាក។ ជាឧទាហរណ៍ ចិនមិនបានថ្កោលទោស ឬរិះគន់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនទេ ហើយអះអាងទៀតផងថារុស្ស៉ី មានសិទ្ធិដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន។ «ដូច្នេះ អ៊ុយក្រែននឹងមិនអាចទទួលយកចិនឱ្យធ្វើជាអ្នកសម្របសម្រួលសន្តិភាពឡើយ នោះក៏ព្រោះតែគោលជំហរគាំទ្ររុស្ស៉ីរបស់ចិន»។ នេះជាការលើកឡើងរបស់លោក Shi Yinhong ជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំង ដោយបន្តថាណាមួយ លោក ពូទីន ក៏មិនចង់ចូលតុចរចា ដោយធ្វើឱ្យគេមើលឃើញថារូបលោក ឬរុស្ស៉ី ស្ថិតនៅក្រោម ឥទ្ធិពលរបស់ចិននោះទេ ខណៈលោក ត្រាំ មិនចង់ឃើញចិនយកមុខយកមាត់តែម្នាក់ឯងនោះដែរ។

និយាយពីបញ្ហាពន្ធវិញ ចិននឹងត្រូវធ្វើការសម្រេចចិត្តមួយថាតើក្នុងពេលបច្ចុប្បន្ន ខ្លួនអាចមានសមត្ថភាពធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានដែរឬទេ? កាលពីថ្ងៃទី២ ខែកុម្ភៈ ចិនបានសន្យាថានឹងចាត់វិធានការ សងសឹកទៅនឹងការដំឡើងពន្ធរបស់លោក ត្រាំ ទំនិញចិន ហើយថ្ងៃទី៤ ខែកុម្ភៈ ចិនបានប្រកាសអំពីការដំឡើងពន្ធលើសហរដ្ឋអាមេរិក ដែលជាវិធានការសងសឹកចំពោះ ការដំឡើងពន្ធ​របស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងចិន។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ចិននឹងយកពន្ធក្នុងអត្រា១៥ភាគរយ ទៅលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ LNG ដែលនាំចូល​ពីសហរដ្ឋអាមេរិក ព្រមទាំង១០ភាគរយលើប្រេងឆៅ គ្រឿងម៉ាស៉ីនកសិកម្ម យានយន្តដែលប្រើកម្លាំងម៉ាស៉ីនធំៗ និងរថយន្តប្រភេទ pickup របស់អាមេរិក។ បើតាមក្រសួងពាណិជ្ជកម្មចិន ការដំឡើងពន្ធនេះ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតប្រជែងគ្នាដណ្ដើមឥទ្ធិពលនៅលើពិភពលោក ក្រុមអ្នកវិភាគខ្លះបាននិយាយថាការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការផ្អាកជំនួយបរទេសដែលបានធ្វើឱ្យប៉ះពាល់ដល់កម្មវិធីជំនួយជាច្រើន នៅជុំវិញពិភពលោក បានផ្ដល់ផលចំណេញដល់ចិនរួចទៅហើយ។ ជាពិសេស តំបន់ដូចជាអាស៊ីអាគ្នេយ៍ ជាទីដែលការគាំទ្រសម្រាប់សហរដ្ឋអាមេរិកកំពុងថយចុះ ដោយសារតែការគំាទ្រសង្រ្គាមរបស់អ៉ីស្រាអែលនៅក្នុងតំបន់ ហ្កាហ្សា ការផ្អាកជំនួយនេះនឹងកាន់តែធ្វើឱ្យមានការចោទសួររឹតតែខ្លាំងថាតើសហរដ្ឋអាមេរិកពិតជាគួរឱ្យទុកចិត្តបានតទៅទៀតឬក៏យ៉ាងណា? «ក្នុងពេលនេះ ចិនមិនចំាបាច់ធ្វើអ្វីសោះ ក៏អាចក្លាយជាតួអង្គចិត្តល្អនៅក្នុងកែវភ្នែក អ្នកផ្សេងទៅហើយ»។ នេះជាការយល់ឃើញរបស់លោក Jeremy Chan ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ស្ដីពីចិនមកពីស្ថាប័ន Eurasia Group។

ស្រដៀងគ្នានេះដែរ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានការពារ និងគាំទ្រដល់សារៈសំខាន់នៃអំណាចស្រទន់របស់សហរដ្ឋអាមេរិក។ លោកបន្តថាប្រសិនបើអាមេរិកមិនចូលរួម ជាមួយពិភពលោកទេ ហើយបើអាមេរិកមិនមានកម្មវិធីសម្រាប់តំបន់អាហ្វ្រិកជាទីដែលចិនកំពុងព្យាយាមពង្រីកឥទ្ធិពលទេ នោះសហរដ្ឋអាមេរិកកំពុងបង្កកំហុសធំមួយដោយខ្លួនឯង៕