(កៀវ)៖ យ៉ាងហោចណាស់ជនស៊ីវិល ៥ នាក់បានស្លាប់ និងជាង ៣០នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ីលើទីប្រជុំជន Izium ក្នុងតំបន់ Kharkiv ភាគឦសានអ៊ុយក្រែន នៅថ្ងៃអង្គារនេះ។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រី ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលក្រុងលោក Oleh Syniehubov បានថ្លែងនៅលើ Telegram ដោយដកស្រង់ ព័ត៌មានបឋមថា កងកម្លាំងរុស្ស៊ីបានវាយប្រហារសង្កាត់កណ្តាលទីក្រុង ដោយប្រើមីស៊ីលផ្លោង។ លោកបានបន្ថែមថា ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នករងរបួស ហើយ មនុស្សបីនាក់កំពុងទទួលការវះកាត់បន្ទាប់ពីការវាយប្រហារ។
ប្រធានាធិបតី Volodymyr Zelenskiy បានថ្លែងនៅលើបណ្តាញសង្គម X ថា «ភាពឃោរឃៅនេះមិនអាចអត់អោនបានទេ។ សម្ពាធអតិបរមាត្រូវតែអនុវត្ត ចំពោះប្រទេសរុស្ស៊ី តាមរយៈកម្លាំងយោធាការដាក់ទណ្ឌកម្មនិងការទូត ដើម្បីបញ្ឈប់អំពើភេរវកម្មនិងការពារ អាយុជីវិត»។
គួរបញ្ជាក់ថា ទីក្រុង Izium ធ្លាប់ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីនៅពេលចាប់ផ្តើម នៃការឈ្លានពានពេញលេញរបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន ដែលជិតដល់ខួបគម្រប់បី ឆ្នាំហើយ បានរងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។ បន្ទាប់ពីទីក្រុងនេះត្រូវបានរំដោះ មន្ត្រី អ៊ុយក្រែនបានអះអាងថា ពួកគេបានរកឃើញផ្នូរដ៏ធំមួយ និងបានចោទប្រកាន់រុស្ស៊ីពីបទ ឧក្រិដ្ឋកម្មសង្រ្គាម ដែលទីក្រុងម៉ូស្គូបានបដិសេធ៕