(កៀវ)៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បាន ព្រមានពីហានិភ័យគ្រោះថ្នាក់នុយក្លេអ៊ែរ បន្ទាប់ពីដំណើរទស្សនកិច្ចនៅអ៊ុយក្រែននៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Grossi បានទៅត្រួតពិនិត្យស្ថានីយចែកចាយអគ្គិសនីមួយកន្លែង ដោយសង្កត់ធ្ងន់ថា ការវាយប្រហារលើបណ្តាញអគ្គិសនីអាចរំខាន ដល់ការផ្គត់ផ្គង់ថាមពលទៅកាន់រោងចក្រនុយក្លេអ៊ែរនិងបង្កគ្រោះថ្នាក់។

«ឧបទ្ទវហេតុនុយក្លេអ៊ែរអាចបណ្តាលមកពីការវាយប្រហារដោយផ្ទាល់ទៅលើរោងចក្រមួយ ប៉ុន្តែក៏មកពីការរំខានការផ្គត់ផ្គង់ថាមពលផងដែរ» លោក Grossi បានសរសេរនៅលើ X។

លោក Grossi បានបញ្ជាក់ថា «ប្រព័ន្ធចែកចាយថាមពលអគ្គិសនី ដែលផុយស្រួយ កាន់តែខ្លាំងឡើងបង្កឱ្យមានហានិភ័យកើនឡើង» ដល់រោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់អ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៊ីបានធ្វើការវាយប្រហារជាប្រចាំលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ក្នុងអំឡុង ពេលជិតបីឆ្នាំនៃការឈ្លានពាន។ ជាងពាក់កណ្តាលនៃអគ្គិសនីរបស់អ៊ុយក្រែនផលិតចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហើយការវាយប្រហារលើស្ថានីយរងអាចគំរាមកំហែងដល់ ប្រតិបត្តិការរបស់រោងចក្រទាំងនោះ៕