(សេអ៊ូល)៖ មេបញ្ជាការយោធាកំពូលរបស់កូរ៉េខាងត្បូង បានការពារការសម្រេចចិត្តរបស់ប្រធានាធិបតី Yoon Suk Yeol ក្នុងការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ។ លោកបានបញ្ជាក់ថា លោកជឿជាក់លើភាពស្របច្បាប់នៃការសម្រេចចិត្តនោះ។ ទោះជាយ៉ាងណា លោកបានបដិសេធមិនឆ្លើយសំណួរមួយចំនួន ដោយលើកឡើងពីស្ថានភាពរបស់លោក ជាចុងចោទក្នុងសំណុំរឿងព្រហ្មទណ្ឌ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

ឧត្តមសេនីយ៍ឯក Lee Jin-woo នៅថ្ងៃអង្គារនេះ បានផ្តល់សក្ខីកម្មក្នុងសវនាការរបស់តុលាការធម្មនុញ្ញ ដែលកំពុងពិចារណាលើការចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ។ លោកត្រូវបានចោទប្រកាន់ពីបទបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ។

«ខ្ញុំនៅតែជឿជាក់ថា វាស្របច្បាប់ ហើយនៅពេលដែលខ្ញុំ ត្រូវបានប្រាប់ឱ្យទៅសភា ខ្ញុំចាត់ទុកថាវាជាដីកា» នេះជាសម្តីរបស់លោក Lee ថ្លែងទៅកាន់តុលាការ។ លោកបានបន្តថា «មិនមានឱកាស សូម្បីតែគិតពិចារណាថាតើវាខុសច្បាប់ឬផ្ទុយ នឹងរដ្ឋធម្មនុញ្ញនោះទេ នៅពេលដែលអគ្គមេបញ្ជាការដែលតំណាងប្រជាជន និងជាអ្នកជំនាញច្បាប់ ជាអតីតរដ្ឋអាជ្ញាកំពូលបានប្រកាសប្រាប់ប្រទេស និងពិភពលោកបែបនេះ»

លោក Yoon ក៏បានចូលរួម ក្នុងសវនាការនេះដែរ និងបានការពារការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ លោកបានអះអាងថា ច្បាប់អាជ្ញាសឹកគឺចាំបាច់ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង និងក្រុមប្រឆាំង។ ទន្ទឹមគ្នានេះ លោកក៏បានសង្កត់ធ្ងន់ថា កងកម្លាំងពិសេសដែលត្រូវបានបញ្ជូនទៅសភា មិនមែនក្នុង គោលបំណងរារាំងសភានោះទេ ព្រោះលោកជ្រាបយ៉ាងច្បាស់ ពីផលវិបាកធ្ងន់ធ្ងរ ដែលអាច កើតឡើង។

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញ នឹងត្រូវសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែង ឬអត់។ ប្រសិនបើលោកត្រូវបានដកចេញ នោះនឹងមានការបោះឆ្នោតប្រធានាធិបតីថ្មី នៅក្នុងរយៈពេល ៦០ថ្ងៃ។ ការសម្រេចចិត្តនេះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើនយោបាយ និងស្ថិរភាព នៅកូរ៉េខាងត្បូង៕