(ប៉េកាំង)៖ កាលពីថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងតំបន់ភាគខាងកើតសហរដ្ឋអាមេរិក ភាគីអាមេរិកបានប្រកាសដំឡើងពន្ធគយ ១០ភាគរយលើទំនិញចិនដែលនាំចេញទៅ សហរដ្ឋអាមេរិក ដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស ។ ទង្វើដ៏ខុសឆ្គងនេះគឺ ល្មើសនឹងក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក បំផ្លាញដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប្រក្រតីរវាងចិន និងអាមេរិក ហើយក៏នាំមកនូវឥទ្ធិពលអវិជ្ជមានកាន់តែច្រើន ដល់សេដ្ឋកិច្ចអាមេរិកផងដែរ។
ថ្នាំហ្វេនតានីលគឺជាប្រភេទថ្នាំអាភៀនកម្រិតខ្លាំង ថ្នាំនេះបានក្លាយជាគ្រឿងញៀននៅសហរដ្ឋអាមេរិក គឺដោយមកពីវាទាក់ទងនឹង តម្រូវការប្រើប្រាស់យ៉ាងអនាធិបតេយ្យដ៏ធំសម្បើម និងខ្សែសង្វាក់ផលប្រយោជន៍នៃសង្គមអាមេរិក ហើយក៏មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយការគ្រប់គ្រងដោយ អសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិកដែរ។ អាចឃើញថា បញ្ហាថ្នាំហ្វេនតានីលជា ផលអាក្រក់មួយនៃការគ្រប់គ្រងគ្មានប្រសិទ្ធភាព នៅក្នុងស្រុករបស់សហរដ្ឋអាមេរិក។ ភាគីអាមេរិកបានធ្វើឱ្យ ប្រធានបទសុខភាពសាធារណៈ ផ្សារភ្ជាប់ជាមួយការដាក់សម្ពាធខាងពន្ធគយ វាមិនត្រឹមតែមិនបានរកឃើញប្រភព នៃបញ្ហាប៉ុណ្ណោះទេ ថែមទាំងក៏អាចនឹងធ្វើឱ្យការបដិបក្ខគ្នាខាងនយោបាយកាន់តែខ្លាំង ដែលរារាំងដល់ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាថ្នាំហ្វេនតានីលដែរ។
តាមការពិត ប្រទេសចិនជាប្រទេសមួយដែលមានគោលនយោបាយ ហាមឃាត់គ្រឿងញៀនដ៏តឹងរ៉ឹងបំផុតលើពិភពលោក ដែលបានប្រកាសរឹតបន្ដឹងទាំងស្រុងលើ សារធាតុហ្វេនតានីលជាផ្លូវការនៅឆ្នាំ២០១៩ គឺជាប្រទេសដំបូងគេដែលចាត់ វិធានការបែបនេះ លើពិភពលោក។ តាមសេចក្ដីរាយការណ៍នៃស្ថាប័នអនុវត្តច្បាប់ ខាងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចជានាយកដ្ឋានគយ និងការពារព្រំដែនរបស់សហរដ្ឋអាមេរិកជាដើម បានឱ្យដឹងថា ចាប់ពីខែកញ្ញាឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ ភាគីអាមេរិកមិនដែលឆែករកឃើញនូវសារធាតុហ្វេនតានីល ដែលមកពីប្រទេសចិនបានទេ ។ ក្នុងបរិបទនេះ សហរដ្ឋអាមេរិកបន្តឃោសនាបំប៉ោងពីអ្វីដែលហៅថា បញ្ហាថ្នាំហ្វេនតានីលច្បាស់ជាបង្កប់នូវបំណងទុច្ចរិត។
តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា គ្រឿងឧបភោគបរិភោគនិងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដូចជាប្រភេទត្រី ប្រេងរុក្ខជាតិ បន្លែ (ជាពិសេសគឺពោត) ផ្លែឈើនិងគ្រាប់ធញ្ញជាតិ សាប៊ូដុំ តែនិងគ្រឿងក្រអូបជាដើម ដែលនាំចូលពីប្រទេសចិន សុទ្ធតែស្ថិតក្នុងក្របខ័ណ្ឌ នៃការដំឡើងពន្ធគយលើកនេះ ។ ក្រៅពីនេះ ដោយមកពីចិនមានគុណសម្បត្តិយ៉ាងលេចធ្លោ ក្នុងការនាំចេញផលិតផលប្រើប្រាស់អេឡិចត្រូនិក ស្បែកជើងនិងសម្ភារៈក្មេងលេងជាដើម ដូច្នេះ ការដំឡើងពន្ធគយលើ ទំនិញទាំងនេះ ក៏នឹងបង្កផលប៉ះពាល់ចំពោះប្រជាជនអាមេរិកដែរ ។ តាមការប៉ាន់ប្រមាណ នៃសហព័ន្ធពាណិជ្ជករ លក់រាយទូទាំងសហរដ្ឋអាមេរិកឱ្យដឹងថា ការដំឡើងពន្ធគយប្រហែល នឹងនាំឱ្យអ្នកប្រើប្រាស់ បង់លុយបន្ថែមថែមទៀតពី ៦ពាន់៤រយលាន ដល់១ម៉ឺន៩រយលានដុល្លារអាមេរិក ត្រឹមតែលើផលិតផលអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ។
ក្រៅពីការប្រើប្រាស់ប្រចាំថ្ងៃ ឱកាសការងាររបស់ជនជាតិអាមេរិកក៏នឹងរងផលប៉ះពាល់ ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់រង ការរំខានពីពន្ធគយដែរ ។ គណៈកម្មាធិការទូទាំងប្រទេស អំពីពាណិជ្ជកម្មអាមេរិក-ចិន បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ កាលពីខែមករាឆ្នាំ២០២១ ដោយលើកឡើងថា គោលនយោបាយពាណិជ្ជកម្ម នៃរដ្ឋាភិបាលលោកត្រាំអាណត្តិមុន បាននាំឱ្យអាមេរិកខាតបង់ឱកាសការងារចំនួន ២សែន៤ម៉ឺន៥ពាន់កន្លែង។
បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក សហរដ្ឋអាមេរិកដំឡើងពន្ធគយដោយឯកតោភាគី នឹងញ៉ាំងឱ្យរដ្ឋសមាជិកពាណិជ្ជកម្មផ្សេងទៀត មិនពេញចិត្តយ៉ាងខ្លាំងរហូតដល់វាយបកទៅវិញ ។ បច្ចុប្បន្ននេះ កាណាដាដែលត្រូវសហរដ្ឋអាមេរិកដំឡើង ពន្ធគយដូចគ្នាបានប្រកាសថា នឹងដំឡើងពន្ធគយ២៥ភាគរយលើទំនិញ របស់សហរដ្ឋអាមេរិកក្នុងតម្លៃ ១សែន៥ម៉ឺន៥ពាន់លានដុល្លារកាណាដា ។ ម៉ិកស៊ិកក៏បានថ្លែងថា នឹងចាត់វិធានការតបតវិញ ដែលនឹងដំឡើងពន្ធគយលើទំនិញអាមេរិក ដែលនាំចូលមកម៉ិកស៊ិកផងដែរ ។ សហគមន៍អន្តរជាតិបានព្រួយបារម្ភជាទូទៅថា ប្រសិនបើធ្លាក់ចូលក្នុងវដ្ដសងសឹក និងប្រឆាំងការសងសឹកនោះ ប្រហែលនឹងបណ្តាលឱ្យផ្ទុះសង្គ្រាមពាណិជ្ជកម្មសកល ដែលបង្អន់ល្បឿនកំណើននៃសេដ្ឋកិច្ចសកល។
សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះទេ។ ការព្យាបាលជំងឺក្នុងពីខាងក្រៅនិងទម្លាក់កំហុស ឱ្យគេគឺមិនអាចដោះស្រាយបញ្ហា របស់សហរដ្ឋអាមេរិកបានទេ ។ រំពឹងថា ភាគីអាមេរិកអាចប្រើក្រសែភ្នែកសត្យានុម័ត និងប្រកបដោយវិចារណញ្ញាណទៅមើល និងដោះស្រាយបញ្ហារបស់ខ្លួន ដូចជាថ្នាំហ្វេនតានីលជាដើម កុំយកវាធ្វើជាលេសដើម្បីប្រើល្បិចកល ពន្ធគយទៅគំរាមកំហែងប្រទេសដទៃ។ បើចិននិងអាមេរិកចុះសម្រុងគ្នា ទើបអាចទទួលផលប្រយោជន៍រួមគ្នា តែបើប្រយុទ្ធគ្នាវាមានតែខាតបង់ទាំងសងខាង បទពិសោធន៍ប្រវត្តិសាស្ត្រនេះ នឹងត្រូវបានបញ្ជាក់ពីការពិតជាក់ស្តែងបន្តទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន