Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការស្ទង់មតិ៖ ប្រជាជនសិង្ហបុរីកាន់តែច្រើន ចង់ឱ្យរដ្ឋាភិបាលគិតគូរជាងមុន អំពីបញ្ហាពូជសាសន៍ និងសាសនា

04-02-2025 16:21

(សិង្ហបុរី)៖ តាមការរកឃើញពីការស្ទង់មតិមួយ ធ្វើឡើងដោយវិទ្យាស្ថានសិក្សាគោលនយោបាយ ហៅកាត់ IPS កាលពីឆ្នាំមុន ចំនួនប្រជាជនសិង្ហបុរីដែលចង់ឱ្យរដ្ឋាភិបាល បង្កើនការចូលរួមដោះស្រាយបញ្ហាពូជសាសន៍ និងសាសនា បានកើនឡើង គួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

របាយកាណ៍សិក្សារបស់ IPS ដែលផ្សព្វផ្សាយនៅថ្ងៃនេះ បង្ហាញថាអ្នកឆ្លើយតបសំណួរសឹងតែ ១០០ភាគរយ ចង់ឱ្យរដ្ឋាភិបាល ធ្វើការកាន់តែប្រសើរ ក្នុងការងារកែលម្អភាពសុខដុមនៃជាតិសាសន៍ និងសាសនា។ របាយការណ៍ចំណងជើង Faultlines in Singapore «ការយល់ឃើញ និងការគ្រប់គ្រងផ្តោតលើជាតិសាសន៍ និងសាសនា» គឺជារបាយការណ៍ ដែលផ្អែកលើការស្ទង់មតិ លើកទី ៣ ជុំវិញប្រធានបទពូជសាសន៍ សាសនា និងភាសា។

ការស្ទង់មតិស្រដៀងគ្នានេះ ធ្លាប់ធ្វើឡើងក្នុងឆ្នាំ ២០១៣ និង ២០១៨។ ចំណែកការស្ទង់មតិថ្មីចុងក្រោយ បានធ្វើឡើងចន្លោះ ខែមេសា ឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ ២០២៤ ដោយសាកសួរអ្នកចូលរួមចំនួន ៤ ០០០នាក់ ដែលតំណាងឱ្យ ប្រជាជនសិង្ហបុរី។ ពួកគេត្រូវបានសួរសំណួរមួយចំនួន រាប់បញ្ចូលទាំងការពាក់ព័ន្ធរបស់រដ្ឋាភិបាល ក្នុងបញ្ហាចំនួន ៥ដូចជា ពូជសាសន៍ សាសនា អន្តោប្រវេសន៍ ស្ថានភាពសេដ្ឋកិច្ចសង្គម និងការព្រួយបារម្ភនៃសហគមន៍ LGBT និងផលវិបាក នៃការគ្រប់គ្រងខុស នូវបញ្ហាទាំងនេះ។

គួរបញ្ជាក់ថា ជនជាតិសិង្ហបុរីភាគច្រើនជឿជាក់ថា ការមិនគ្រប់គ្រងមិនបានត្រឹមត្រូវ លើបញ្ហាទាក់ទងនឹងពូជសាសន៍ និងសាសនា អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរទៅថ្ងៃមុខ៕