(ព្រុចសែល)៖ មេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាធ្វើការបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិរបស់ពួកគេ ប្រឆាំងនឹងប្រទេសរុស្ស៉ី ក៏ដូចជាការគំរាមឱ្យបង្កើនការចំណាយ និងការបំពេញចន្លោះខ្វះខាត នៃសមត្ថភាពយោធារបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ដែលដឹកនាំកិច្ចប្រជុំជាមួយមេដឹកនាំ EU ដ៏ទៃទៀត គូសបញ្ជាក់ថា «មានកិច្ចការជាច្រើនបានធ្វើរួចហើយ ប៉ុន្តែយើងត្រូវធ្វើបន្ថែមទៀត»។ ទោះយ៉ាងណា ក្រោយជំនួបពិភាក្សា នាទីក្រុងព្រុចសែលកាលពីថ្ងៃចន្ទ មេដឹកនាំភាគច្រើន មិនបានបញ្ជាក់ពីតួលេខដែលត្រូវបង្កើន ក្នុងការចំណាយលើវិស័យការពារជាតិនោះទេ។

លោក Costa គ្រាន់តែប្រាប់អ្នកយកព័ត៌មានថា បណ្តាមេដឹកនាំ EU យល់ព្រមផ្តោតលើការបំពេញចន្លោះខ្វះខាត ដូចជាទៅលើការកាពារដែនអាកាស និងប្រព័ន្ធការពារមីស៉ីល មីស៉ីល គ្រាប់រំសេវ និងការដឹកជញ្ជូនយោធា។ រីឯប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាថា «អឺរ៉ុបត្រូវការជាចម្បងនូវការបង្កើន កិច្ចការពារជាតិ ហើយអ្វីដែលចាំបាច់នោះ គឺត្រូវពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិ តាមរយៈការវិយោគដោយខ្លួនឯង»។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន បណ្តាប្រទេស EU បានចំណាយថវិកាជាមធ្យម ១.៩ភាគរយនៃផលិតផលសរុប GDP លើវិស័យការពារជាតិ ឬប្រហែល ៣៣៤.៥ពាន់លានដុល្លារ ដែលជាការកើនឡើង ៣០ភាគរយពីឆ្នាំ ២០២១។ ប៉ុន្តែមេដឹកនាំអឺរ៉ុបជាច្រើននិយាយថា ពួកគេនឹងត្រូវចំណាយកាន់តែច្រើនថែមទៀត។ បើតាមគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិ បានប៉ាន់ប្រមាណថា ប្លុកនេះអាចនឹងត្រូវចំណាយថវិកាបន្ថែមចំនួន ៥០០ពាន់លានអឺរ៉ូ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីបំពេញខ្វះខាតក្នុងវិស័យការពារជាតិរបស់អឺរ៉ុប៕