(ហាណូយ)៖ ក្មេងស្រីម្នាក់ នៅខេត្ត Long An តំបន់ភាគខាងត្បូង ប្រទេសវៀតណាម ត្រូវបានធ្វើតេស្តដឹងថា មានផ្ទុកវីរ៉ុស Zika បានបណ្តាលឲ្យ ចំនួនអ្នកឆ្លងវីរ៉ុសសរុប មានចំនួន០៩នាក់ហើយ នៅក្នុងប្រទេសនេះ។ នេះបើតាមព័ត៌មានពីអគ្គនាយកដ្ឋានការពារវេជ្ជសាស្ត្រ (GDPM) លោក Tran Dac Phu ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។
លោក Tran Dac Phu បន្តថា ស្របពេលដែលវីរ៉ុស Zika កំពុងរីករាលដាល នៅក្នុងប្រទេស ស្ត្រីមានផ្ទៃពោះគួរប្រុងប្រយ័ត្ន ដោយជៀសវាងការឆ្លងវ៉ីរ៉ុស ហើយត្រូវការពារហានិភ័យនេះ ដែលវាបណ្តាលឲ្យមានក្បាលតូចខុសពីធម្មតា ចំពោះទារកដែលកើតថ្មី។
នេះគឺជាករណីចម្លងថ្មី ចំនួន០១បន្ថែមទៀត នៃវីរ៉ុស Zika នៅក្នុងខេត្ត Long An បន្ទាប់ពីប្រទេសវៀតណាម រយៈពេលយូរមកហើយ មានករណីចំនួន០៨ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងប្រទេសនេះ ក្នុងនោះរួមមាន០៥ករណី នៅភាគខាងត្បូងទីក្រុង Ho Chi Minh, ០១ករណីនៅភាគខាងត្បូងខេត្ត Binh Duong, ០១ករណីនៅខេត្ត Khanh Hoa និង០១ករណីទៀត នៅខេត្ត Phu Yen។
ចាប់តាំងពីដើមឆ្នាំ២០១៦ មានជនបរទេស០៣នាក់ ត្រូវបានគេធ្វើតេស្តដឹងថា មានផ្ទុកវីរ៉ុស Zika នៅក្នុងប្រទេសវៀតណាម។
នៅមុននេះមានករណីសង្ស័យមួយ នៃទារកកើតមកមានក្បាលតូចខុសពីធម្មតា នៅខេត្ត Dak Lak។ ការធ្វើតេស្ត បាននឹងកំពុងធ្វើឡើង ដើម្បីរកឲ្យឃើញថា វាមានការពាក់ព័ន្ធនឹងវីរ៉ុស Zika ឬយ៉ាងណា។
ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរ៉ុស Zika និងជំងឺគ្រុនឈាម រដ្ឋមន្ត្រីសុខាភិបាលវៀតណាម លោក Nguyen Thi Kim Tien បានជម្រុញឲ្យ ប្រធានមន្ទីរសុខាភិបាលខេត្តនីមួយៗ សហការជាមួយក្រុមអាជ្ញាធរក្នុងតំបន់ ដើម្បីរៀបចំយុទ្ធនាការប្រឆាំងសត្វមូស នៅទូទាំងប្រទេស៕