យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B1-B ធ្វើលំហាត់ល្បាតដែនអាកាសជាមួយហ្វីលីពីន នៅលើសមុទ្រចិនខាងត្បូង (Video inside)
04-02-2025 15:23
(ម៉ានីល)៖ អ្នកនាំពាក្យកងទ័ពអាកាសនៃប្រទេសហ្វីលីពីន បានឱ្យដឹងថា នាថ្ងៃអង្គារនេះ កងទ័ពអាកាសហ្វីលីពីន និងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើលំហាត់ល្បាតដែនអាកាសរួមគ្នា នៅលើសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
អ្នកនាំពាក្យកងទ័ពអាកាសហ្វីលីពីន លោកស្រី Maria Consuelo Castillo បាននិយាយថា លំហាត់យោធាខាងលើ ដែលមានរយៈពេលត្រឹម១ថ្ងៃ កំពុងប្រព្រឹត្តទៅ នៅសមុទ្រហ្វីលីពីនខាងលិច ជាពាក្យដែលទីក្រុងម៉ានីល ប្រើប្រាស់សម្រាប់ហៅសំដៅលើ ដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ប្រទេសហ្វីលីពីន។ យោងតាមអ្នកនាំពាក្យ យន្តហោះចម្បាំងហ្វីលីពីន FA-50 ២គ្រឿង បានចូលរួមធ្វើលំហាត់យោធានោះ ជាមួយយន្តហោះទម្លាក់គ្រាប់បែក B1-B ២គ្រឿង របស់អាមេរិក។
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាតំបន់ដែលមានបញ្ហាវិវាទទឹកដី ជាពិសេសរវាងចិននិងហ្វីលីពីន ដែលបានប្រឈមមុខដាក់គ្នា ម្តងហើយម្តងទៀត អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញការទាមទារលើទីប្រជុំកោះ និងតំបន់ថ្មប៉ប្រះទឹក នៅទីនោះ៕