(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន នៅសប្តាហ៍ក្រោយ ដើម្បី «បង្កើនបន្ថែមទៀត នូវដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំ» រវាងរដ្ឋាភិបាលទីក្រុង Manila និងទីក្រុង Tokyo នេះបើតាមព័ត៌មានពីអ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីន ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។
ជំនួយការលេខាធិការ ការិយាល័យទំនាក់ទំនង ប្រធានាធិបតី លោកស្រី Ana Marie Banaag បានប្រាប់អ្នកសារព័ត៌មានថា លោក Duterte នឹងបំពេញដំណើរទស្សនកិច្ចផ្លូវការ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ។
លោកស្រីបានបន្តថា លោក Duterte នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដើម្បីពិភាក្សាបញ្ហាផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ។
លោកស្រី Banaag បន្ថែមថា លោកប្រធានាធិបតី នឹងជួបជាមួយព្រះចៅអធិរាជជប៉ុន Akihito នៅវិមានព្រះចៅអធិរាជផងដែរ។
«ការពិភាក្សាទ្វេរភាគីយ៉ាងជិតស្និទ និងទូលំទូលាយ រវាងលោក Duterte និងក្រុមមេដឹកនាំជប៉ុន នឹងរួមបញ្ចូលទាំង បញ្ហាសន្តិសុខ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកោះ Mindanao ភាគខាងត្បូងហ្វីលីពីនផងដែរ»។ នេះបើតាមការលើកឡើង របស់លោកស្រី Banaag។
ខណៈស្ថិតនៅក្នុងទីក្រុង Tokyo នឹងជួបជាមួយជនជាតិហ្វីលីពីន ដែលកំពុងរស់នៅជប៉ុនផងដែរ ដោយជនជាតិហ្វីលីពីន មានប្រមាណ៤០០,០០០នាក់ កំពុងរស់នៅប្រទេសជប៉ុន។ លើសពីនេះទៅទៀត លោក Duterte គ្រោងនឹងជួបជាមួយក្រុមមេដឹកនាំ អ្នកជំនួញកំពូលៗរបស់ជប៉ុន ព្រមទាំងទៅបំពេញទស្សនកិច្ច នៅរោងចក្រផលិតនាវារបស់ជប៉ុនផងដែរ។
សូមជម្រាបថា លោក Duterte បានវិលត្រឡប់មកកាន់ហ្វីលីពីនវិញ នៅថ្ងៃសុក្រនេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិន ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃអង្គារកន្លងទៅ៕