(វ៉ាស៉ីនតោន)៖ មន្រ្តីសេតវិមានមួយរូបបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi មកកាន់សេតវិមាន នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ត្រាំ ធ្លាប់បាននិយាយទូរស័ព្ទ ជាមួយលោក Modi កាលពីថ្ងៃទី២៧ ខែមករា នៅពេលដដែលលោក បានជជែកអំពីបញ្ហាអន្តោប្រវេសន៍ និងសង្កត់ធ្ងន់អំពីសារសំខាន់ នៃការដែលឥណ្ឌាទិញសម្ភារយោធារបស់អាមេរិក ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម ដែលស្មើភាព។
ឥណ្ឌា ដែលជាដៃគូយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចប្រឹងប្រែងទប់ទល់ចិន មានបំណងចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអាមេរិក ហើយក៏ចង់ស្វែងរក ភាពងាយស្រួលបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋខ្លួនទទួលបានទិដ្ឋាការពលករជំនាញ ផងដែរ។ មិនតែប៉ុណ្ណោះ ទីក្រុងញូវដែលី ក៏ត្រូវមើលឃើញថា ចង់ចៀសវាងថែមទៀតផង នូវការដំឡើងពន្ធ ដែលលោក ត្រាំ ធ្លាប់គំរាមកំហែងពីមុនមក ក្រោមហេតុផលនៃការយកពន្ធខ្ពស់របស់ឥណ្ឌា លើទំនិញអាមេរិក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា ខណៈការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំលើស ១១៨ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០២៣ និង២០២៤ ហើយឥណ្ឌាទទួលបានអតិរេកពាណិជ្ជកម្មទំហំ ៣២ពាន់លានដុល្លារ៕