(គូឡាឡាំពួ)៖ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បាននិយាយថា ម៉ាឡេស៉ីនឹងប្រឹងប្រែងកសាង ​ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសដទៃ ដូចជាចិន រុស្ស៉ី និងប្រេស៉ីល ជាដើម ជាជាងនៅអង្គុយរង់ចាំផលប៉ះពាល់ នៃលទ្ធភាព​ដំឡើងពន្ធពាណិជ្ជកម្ម ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Anwar បានប្រាប់សភាម៉ាឡេស៉ីថា ការអង្គុយស្ងៀមនៅរង់ចាំ ការដំឡើងពន្ធពីសហរដ្ឋអាមេរិក មុខជានឹងជះផលប៉ះពាល់​អវិជ្ជមាន ចំពោះប្រទេសអាស៊ានមួយនេះ ហើយលោកបានបន្ថែមថា ឥឡូវក៏មានភាពមិនច្បាស់លាស់ផងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាករយៈពេល៣០ថ្ងៃ នូវវិធានការដំឡើងពន្ធ លើប្រទេសកាណាដា និង​ម៉ិកស៉ិក។ ដោយឡែក ការដំឡើងពន្ធបន្ថែមលើប្រទេសចិន នឹងត្រូវអនុវត្តនាថ្ងៃអង្គារសប្តាហ៍នេះ តាមការកំណត់ដដែល។

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានលើកឡើងថា ម៉ាឡេស៉ី មិនអាចធ្វើសកម្មភាពដោយធ្វេសប្រហែស ក្នុងការប្រើវិធានការពន្ធ ដើម្បីប្រឆាំងតបតវិញឡើយ ដ្បិតនៅមានភាពស្រពេចស្រពិលភូមិសាស្រ្តនយោបាយជាច្រើន។ បើតាមលោក Anwar អ្វីដែលម៉ាឡេស៉ី ត្រូវអនុវត្តនាពេលនេះ គឺធ្វើការឱ្យសកម្ម ដើម្បីប្រឹងប្រែងពង្រីក បណ្តាញដៃគូពាណិជ្ជកម្ម ឱ្យកាន់តែមានភាពទូលំទូលាយ៕